ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២០មករានៅឯការចាប់ផ្តើមកិច្ចចរចារវាងរដ្ឋមន្ត្រីការបរទេសនិងការពារជាតិនៃប្រទេសជប៉ុននិងបារាំងថា ស្ថានភាពសន្តិសុខដែលជប៉ុននិងបារាំងកំពុងប្រឈមមុខនឹងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺមិនមានស្ថិរភាពនិង “កាន់តែតឹងតែង”។
កិច្ចចរចា ដែលគេហៅថា កិច្ចចរចា “ពីរបូកពីរ” រវាងរដ្ឋាភិបាលទីក្រុងតូក្យូនិងទីក្រុងប៉ារីស បានកើតឡើង ខណៈជប៉ុនជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសម្ពន្ធមិត្តលោកខាងលិចខណៈខ្លួនប្រឈមមុខនឹងការកើនឡើងនៃកម្លាំងរបស់ចិន និងការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើង។
បារាំងមានទឹកដីនៅបរទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងមានកម្លាំងប្រដាប់អាវុធឈរជើងក្នុងតំបន់នោះ។ ភាពតានតឹងកើនឡើងទាក់ទងនឹងតៃវ៉ាន់ដែលចិនអះអាងថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួននោះ បានដាក់ការយកចិត្តទុកដាក់យ៉ាងខ្លាំងលើតួនាទីសន្តិសុខរបស់ជប៉ុន។ កូរ៉េខាងជើងក៏បានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ផងដែរកាលពីពេលថ្មីៗនេះ។
រដ្ឋមន្ត្រីការពារជាតិលោក ណូប៊ូអុ គីស៊ី (Nobuo Kishi) បាននិយាយថា “ការប៉ុនប៉ងឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងកំពុងបន្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកហើយបរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុននិងបារាំងកាន់តែតឹងតែងនិងមិនមានស្ថិរភាព”។
លោកគីស៊ីនិងរដ្ឋមន្ត្រីការបរទេសយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) បានជួបជាមួយសមភាគីបារាំងលោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) និងលោកស្រី ផ្លរ៉ង់ស្បាលី (Florence Parly) តាមរយៈវីដេអូខុនហ្វើរិន។
សេចក្តីថ្លែងការណ៍ចុងក្រោយមួយបាននិយាយថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។
សេចក្តីថ្លែងការណ៍ចុងក្រោយនិយាយថា “រដ្ឋមន្ត្រីទាំងបួនបានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសមុទ្រចិនខាងត្បូងនិងខាងកើតហើយបានឯកភាពគ្នាដើម្បីជំទាស់យ៉ាងខ្លាំងក្លាចំពោះការប៉ុនប៉ងឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង”។
“ពួកគេក៏បានបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ផងដែរ ហើយបានយល់ព្រមជំរុញភាគីពាក់ព័ន្ធឱ្យដោះស្រាយបញ្ហាឆ្លងច្រកសមុទ្រនេះដោយសន្តិវិធី”។ គេមិនច្បាស់ទេថាតើការពង្រឹងទំនាក់ទំនងទ្វេភាគីមានន័យយ៉ាងណា៕
រដ្ឋមន្ត្រីមកពីបារាំងនិងជប៉ុនចូលរួមកិច្ចចរចា “ពីរបូកពីរ” តាមរយៈវីដេអូខុនហ្វើរិនកាលពីថ្ងៃព្រហស្បតិ៍ទី២០មករា២០២២