ដោយៈសុផល / ព្រះសីហនុៈ អាស៊ាន បានកត់សម្គាល់ឃើញថា ប្រទេសរុស្ស៊ី ជាប្រភពទីផ្សារទី៣ សម្រាប់គោលដៅ ទេសចរណ៍អាស៊ាន ដូច្នេះហើយ ទើបអាស៊ាន បានអនុម័តផែនការ សកម្មភាពទេសចរណ៍ រវាងអាស៊ាន និងសហព័ន្ធរុស្ស៊ី ឆ្នាំ២០២២-២០២៤ ពិសេសគឺ បន្ទាប់ពីប្រកាសបើកទេសចរណ៍ ក្នុងតំបន់អាស៊ានឡើងវិញ។
ការអនុម័តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍ អាស៊ាន-រុស្ស៊ី លើកទី១ តាមទម្រង់ផ្ទាល់ និងអនឡាញ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលដឹកនាំ ដោយលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងលោកស្រី ហ្សារីណា ដូហ្គូហ្សូវ៉ា (Zarina Doguzova) រដ្ឋមន្ត្រីទេសចរណ៍សហព័ន្ធរុស្ស៉ី ជាសហប្រធាន។
កិច្ចប្រជុំនេះ មានការចូលរួមពី ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍រុស្ស៊ី អគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃ ដែលមានសមាសភាព ប្រមាណ ១០០ នាក់។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ីនេះ បានកត់សម្គាល់ឃើញថា ចំណូលទេសចរណ៍ រវាងអាស៊ាន និងរុស្ស៊ី បានធ្លាក់ចុះ ប្រមាណ ៣៧ ភាគរយ បើធៀបនឹងឆ្នាំ២០២០ និងបានកត់សម្គាល់ឃើញថា រុស្ស៊ី ជាប្រភពទីផ្សារទី៣ សម្រាប់គោលដៅទេសចរណ៍ អាស៊ាន។
អង្គប្រជុំខាងលើ ក៏បានអនុម័តផែនការ សកម្មភាពទេសចរណ៍ រវាងអាស៊ាន និងសហព័ន្ធរុស្ស៊ី ឆ្នាំ២០២២-២០២៤ ដែលផ្តោសំខាន់ លើការពង្រឹងកិច្ចសហប្រតិបត្តិការ អាស៊ាន-រុស្ស៊ី លើវិស័យទេសចរណ៍ ដែលផ្តល់អាទិភាព លើការស្តារវិស័យទេសចរណ៍អាស៊ាន និងរុស្ស៊ី ។
លើសពីនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ី បានអបអរសាទរ ចំពោះការអនុវត្តផែនការ ស្តារវិស័យទេសចរណ៍ អាស៊ានឡើងវិញ ដើម្បីដោះស្រាយវិបត្តកូវីដ-១៩ នៅក្នុងតំបន់អាស៊ាន។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ី ក៏បានប្ដេជ្ញាធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ អាស៊ាន-សហព័ន្ធរុស្ស៊ី លើវិស័យទេសចរណ៍អាស៊ាន ស្របតាមក្របខណ្ឌផែនការការងារ នៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន-រុស្ស៊ី សំដៅដល់ការងើបឡើងវិញ នូវវិស័យទេសចរណ៍អាស៊ាន ដែលរងផលប៉ះពាល់ ដោយសារវិបត្តកូវីដ-១៩៕/V