ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនត្រូវចោទចំនួន ពីរនាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល ច្បារអំពៅ២ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ចាប់ឃាត់ខ្លួនបាន ជាបន្តបន្ទាប់ នៅចំណុច ពីរគោលដៅផ្សេងគ្នា តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន ពីរបទល្មើស រួមមាន ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងពីបទលួច (កាបូប) ។
សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ បានបញ្ជាក់ថាៈ ដំបូងឡើយ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ បានចាប់ឃាត់ខ្លួន ជនត្រូវចោទម្នាក់ ឈ្មោះ ណាត ប៊ុនធឿន ហៅ គោ ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១០៧ ផ្លូវបេតុងក្រុម៧ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រង់ចំណុចស្តុបវត្តច្បារអំពៅ ផ្លូវជាតិលេខ១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមដីការចាប់ខ្លួនលេខ ២៨៧ ឌ.ដ.ច.ន ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
លុះនៅថ្ងៃដដែល វេលាម៉ោង ៤និង ៣០នាទីល្ងាច កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានឃាត់ខ្លួនជនត្រូវចោទ ឈ្មោះ ព្រេង ភារ៉ុង ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១២៣០ ដ.ច.ន ចុះថ្ងៃទី ០១-១២-២០២១ ចេញដោយលោកស្រី យី សុខវួចចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពីបទ លួច (កាបូប) ប្រព្រឹត្តនៅចំណុចមុខផ្សារច្បារអំពៅ ផ្លូវ ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
បច្ចុប្បន្ន ជនត្រូវចោទទាំង ពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ច្បារអំពៅ២ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការ តាមច្បាប់បន្តទៀត ៕/V