ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ក្មេងស្រី​សិស្សសាលា ពីរ​នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត ស្ទូច បុក​ម៉ូតូ​ពីក្រោយ ខណៈពេល បើក​ម៉ូតូឌុប​គ្នា ទៅ​សាលារៀន​។ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ៧ ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២៧១ មុខ​ផ្សារ​ហេង​លី ស្ថិតនៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ក្មេងស្រី សិស្សសាលា ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក Honda TODAY ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1UE-7055 ឌុប​គ្នា​ចេញពីផ្ទះ ឆ្ពោះទៅកាន់​សាលារៀន ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង ខណៈ​ជិះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្តស្ទូច មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3F-6669 បើកបរ​ស្រប​ទិសដៅ​គ្នា បើក​ជ្រុល​មក​បុក​ម៉ូតូ ពីក្រោយ រួច​កិន​ក្មេងស្រី​រងគ្រោះ ទាំងពីរ​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា សហការ​ជាមួយ​នគរបាល​ចរាចរណ៍ ខណ្ឌ​សែន​សុខ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​វាស់វែង និង​បាន​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​៕/V