ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសម្នាក់ បានបាក់ ក ស្លាប់ នៅពេលបុរសនេះ បានបើកម៉ូតូ ទៅធ្វើការងារ ហើយទំនងជាវិលមុខ បានដួលដោយខ្លួនឯង កាលពីវេលាម៉ោងជាង ៨ ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ យ៉ុន សំណាង អាយុ ៣៦ ឆ្នាំ ជាមន្ត្រីក្រសួងការងារ មានទីលំនៅ នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-2254 ធ្វើដំណើរតាម បណ្តោយផ្លូវសហព័ន្ធរុស្សី ពីទិសខាងលិច ទៅខាងកើត លុះដល់ខាងលិច ជាប់ស្តុប កែងផ្លូវចូលព្រៃទា រេចង្កូតទៅបុកខឿន ចិញ្ចើមផ្លូវ ដោយខ្លួនឯង ដួលបោកក្បាល សន្លប់ឈឹង ។ ភ្លាមៗ ជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិកឯកជន ក្បែរនោះដឹកយកទៅ គ្រាន់យកចេញពីកន្លែងកើតហេតុ បានបន្តិច ជនរងគ្រោះ ក៏បានស្លាប់ ។ ដោយក្រុមគ្រួសារ មិនអស់ចិត្ត ទើបស្នើសុំឲ្យ សមត្ថកិច្ចជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យកោសល្យវិច័យ ឲ្យបានច្បាស់លាស់ មុននឹងដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕/V