ដោយៈ ប.ខុន / ភ្នំពេញៈ ក្រោយពីភ្ញៀវ ដែលបានមកចូលរួម វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័ន ទេសចរន៍ជាតិអាស៊ាន (NTO) កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងការតាំងពីព័រណ៍ទេសចរណ៍ (Travex) បានចាប់ផ្តើមចាក ចេញទៅវិញខ្លះរួចមក អភិបាលខេត្តព្រះសីហនុ បានថ្លែងសារអំណរគុណដល់មន្ត្រីទាំងអស់ ដែលបានចូលរួមសហការ រៀបចំកម្មវិធី បានប្រព្រឹត្តយ៉ាងរលូន ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសការត្រួតពិនិត្យ រកជំងឺឆ្លងអវិជ្ជមាន ទាំងពេលភ្ញៀវមកដល់ និងទាំងពេល ទៅត្រឡប់ទៅវិញ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថាៈ ភ្ញៀវដែលបានអញ្ជើញ មកចូលរួមក្នុងវេទិកា ATF ដែលបានប្រព្រឹត្តទៅ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា នៅថ្ងៃនេះ (២១មករា) បានចាប់ផ្តើមចាកចេញ ពីខេត្តព្រះសីហនុ ត្រឡប់ទៅប្រទេសគេវិញ ជាបន្តបន្ទាប់ហើយ។
នៅថ្ងៃដដែលនេះ លោកអភិបាលខេត្ត ក៏បានផ្ញើសារសម្លេង ដែលមានខ្លឹមសារថា សូមថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីទាំងអស់ ដែលបានចូលរួមសហការ រៀបចំការងារកិច្ចប្រជុំ ATF ដែលបានប្រព្រឹត្តទៅ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា ដែលមកដល់ថ្ងៃទី២១ មករានេះ ភ្ញៀវបានចាប់ផ្តើមចាកចេញ ជាបណ្តើរៗទៅវិញហើយ។
នៅក្នុងសារសម្លេងរបស់លោក គួច ចំរើន បានបញ្ជាក់ថា ដំណើរការ នៃកិច្ចប្រជុំ បានព្រព្រឹត្ត ទៅយ៉ាងរលូន ស្របទៅតាមការគ្រោងទុក, ការការពារសន្តិសុខ សណ្តាប់បានល្អប្រសើរ ការចាត់ចែងដោះស្រាយការងារផ្សេងៗ ក៏បានរលូន ជាពិសេសការត្រួតពិនិត្យទៅលើ បញ្ហាសុខភាព រកជំងឺឆ្លងនានា ក៏ចាត់ចែងបានល្អ ដោយរហូតមកដល់ពេលនេះ (២១មករា) មិនបានរកឃើញភ្ញៀវណាម្នាក់ មានវិជ្ជមាន ទាំងពេលមកដល់ និង ទាំងក្នុងពេលធ្វើតេស្ត ត្រឡប់ទៅវិញ។ នេះជាមោទនភាព នៃកិច្ចការងារ ដែលយើងបានរួមគ្នាធ្វើ ដោយយកចិត្តទុកដាក់ ទទួលបានលទ្ធផលល្អប្រសើរ។
លោក គួច ចំរើន បានថ្លែងទៀតថាៈ រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងនូវការអរគុណ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលបានប្រឹងប្រែងយ៉ាងសកម្ម ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ និងសូមកត់ត្រា ការងារនេះ ទុកជាបទ ពិសោធន៍ដ៏ល្អនេះ សម្រាប់ធ្វើការងារបែបនេះ នៅពេលខាងមុខទៀត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកវេទិកា ទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំ ស្ថាប័នទេសចរន៍ជាតិអាស៊ាន (NTO) កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងការតាំងពីព័រណ៍ ទេស ចរណ៍ (Travex) នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។
វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ មានការដាក់លក់ទំនិញផ្សេងៗ ចំនួន ១៨៧ ស្តង់ ក្នុងនោះស្តង់អន្តរជាតិ មានចំនួន ៦១ ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ និងស្តង់ក្នុងស្រុក ចំនួន ១២៦ ស្តង់។
វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ មានភ្ជាប់ជាមួយព្រឹត្តិការណ៍ នៃកិច្ចប្រជុំថ្នាក់ស្ថាប័ន ជាតិ ទេសចរណ៍អាស៊ាន (ASEAN NTO) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ និងការតាំងពិព័រណ៍ទេសចរណ៍(Travel Exchange/ Travex) ខ្នាតតូច។
វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ដែលធ្វើឡើង នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ជាការបង្ហាញឱ្យឃើញនូវ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជា ប្រទេសសមាជិកអាស៊ាន ដទៃទៀត ក្នុងការធ្វើឱ្យ វិស័យទេសចរណ៍ មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារ យ៉ាងខ្លាំង ពីវិបត្តិជំងឺ កូវីដ-១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។
វេទិកានេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើក គោលដៅទេសចរណ៍ ក្នុងតំបន់អាស៊ាន ឡើងវិញជាផ្លូវការ៕/V