ដោយៈ វណ្ណៈ / ព្រះសីហនុៈ វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ (ATF 2022) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំឡើង នៅ​ខេត្ត​ព្រះសីហនុ បាន​បិទ​បញ្ចប់​ហើយ នៅ​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ នៅ​បរិវេណ​ណ សណ្ឋាគារ​សុខា ក្រុងព្រះសីហនុ​។ ទន្ទឹមនឹងនេះ ​ ភាគីកម្ពុជា បានប្រគល់​ស្លាក​វេទិកា​ទេសចរណ៍​អាស៊ាន ឱ្យទៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី សម្រាប់​វេទិកាទេសចរណ៍​អាស៊ាន  លើក​ទី​៤១ ឆ្នាំ​២០២៣ ខាងមុខ ។

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មការ អន្តរក្រសួង រៀបចំ​វេទិកា ទេសចរណ៍​អាស៊ាន លើក​ទី​៤០ ឆ្នាំ​២០២២ និង​ជា​ប្រធាន​វេទិកា ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ (ATF 2022) អញ្ជើញ​ចូលរួម​បិទ​វេទិកា ទេសចរណ៍​អាស៊ាន លើក​ទី​៤០ ឆ្នាំ​២០២២ និង​ប្រគល់​ស្លាក​វេទិកា​ទេសចរណ៍​អាស៊ាន ឱ្យទៅ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី តាមរយៈ​លោកស្រី Salahudin Uno រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​សេដ្ឋកិច្ច​ច្នៃ នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី សម្រាប់​វេទិកាទេសចរណ៍​អាស៊ាន ឆ្នាំ​២០២៣ ខាងមុខ ។​

​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី​៤០ ឆ្នាំ​២០២២ (ATF 2022) ប្រព្រឹត្តទៅ​នៅ ខេត្ត​ព្រះសីហនុ ប្រកបដោយ​ភាពរលូន តាម​ការគ្រោងទុក បន្ទាប់ពី​កម្ពុជា បានប្រកាស បើក​ដំណើរការ​សេដ្ឋកិច្ចសង្គម ប្រទេស​ឡើងវិញ លើ​គ្រប់​វិស័យ​មក​។​

​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ (ATF 2022) គឺជា​ព្រឹត្តិការណ៍ អន្តរជាតិ​ដំបូងបង្អស់ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ និង​រៀបចំ​បើក​កិច្ចប្រជុំ​វេទិកា ទេសចរណ៍​លើក​ទី​៤០ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ឈានឆ្ពោះ​ទៅកាន់​ការស្តារ និង​បើក​ទេសចរណ៍ ក្នុង​តំបន់​អាស៊ាន​ឡើងវិញ បន្ទាប់ពី​អាក់ខាន​ជិត ពីរ​ឆ្នាំកន្លងមក ដោយសារ​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ភាព​ធន់ និរន្តរភាព និង​ភាព​ទទួលខុសត្រូវ នាពេល​អនាគត​៕/V​