​ប្រែ​សម្រួលៈ​វាសនា​/​មូ​ស្គូ​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​កំពុង​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​ធុន​ទំនើប​S-400​ទៅកាន់​ប្រទេស​បេឡា​រូស​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​រួមគ្នា​នៅ​ទី​នោះ​នៅ​ខែក្រោយ នេះ​បើ​​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​អាំងទែរ​ហ្វាក់​(Interfax)​កាលពី​ថ្ងៃ​សុក្រ​ទី​២១​មករា ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​បំផុត​រវាង​រុស្ស៊ី​និង​លោក​ខាងលិច​អំពី​ប្រទេស​អ៊ុ​យក្រែន​។​

​សូមបញ្ជាក់​ថា កងកម្លាំង​និង​គ្រឿង​បរិក្ខា​យោធា​រុស្ស៊ី​បាន​ចាប់ផ្តើម​ទៅ​ដល់​បេឡា​រូស​នៅ​សប្តាហ៍​នេះ​សំរាប់​សមយុទ្ធ​ឈ្មោះថា «​ការតាំង​ចិត្ត​របស់​សម្ព​ន្ធមិត្ត​»​នៅក្បែរ​ព្រំដែន​របស់​សមាជិក​អង្គការ​ណា​តូ​​គឺ​ប៉ូឡូញ​និង​លី​ទុយ​អា​នី និង​រាល​ទៅ​ក្បែរ​ព្រំដែន​ខាងត្បូង​អ៊ុ​យក្រែន​។​

​បណ្តា​ប្រទេស​លោកខាងលិច​កំពុង​បារម្ភ​ថា​រុស្ស៊ី​ដែល​កំពុងផ្តុំ​កងទ័ព​រាប់​ម៉ឺន​នាក់​នៅ​ក្បែរ​ព្រំដែន​របស់​ខ្លួន​ជាប់​ជាមួយ​អ៊ុយ​ក្រែ​ននឹង​ធ្វើ​ការវាយប្រហា​រថ្មី​មួយ​ទៅ​លើ​ប្រទេស​ដែល​ខ្លួន​បាន​ចូលលុកលុយ​​កាលពី​ឆ្នាំ​២០១៤​។​ទោះជា​យ៉ាងណា រុស្ស៊ី​បាន​បដិសេធ​ផែនការ​ដូច្នេះ តែ​ទាមទារ​អោយ​លោក​ខាងលិច​ផ្តល់​ការធានា​សន្តិសុខ​មួយ​ចំពោះ​ខ្លួន​និង​ធានា​ថា អ៊ុយ​ក្រែន​នឹងមិន​ក្លាយ​ជា​សមាជិក​អង្គការ​ណា​តូ​​ឡើយ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា S-400​ពីរ​កងពល​ដែល​មួយៗ​រួមមាន ប្រព័ន្ធ​កាំជ្រួច​ប្រឆាំង​យន្តហោះ​ចំនួន​៨ បានចាប់ផ្តើម​ដឹក​ទៅកាន់​បេឡា​រូស​ចេញពី​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី តាម​រថភ្លើង​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូបា​ននិយាយថា យន្តហោះ​ប្រយុទ្ធ​ស៊ូ​ខយ ស៊ុយ​៣៥(Sukhoi Su-35)​ចំនួន​១២​គ្រឿង​និង​ប្រព័ន្ធ​កាំជ្រួច​ប៉ង់​សៀ​(Pantsir)​មួយ​ក៏​នឹង​បញ្ជូន​ទៅកាន់​បេឡា​រូស​សំរាប់​សមយុទ្ធ​នេះ​៕

​រុស្ស៊ី​ចាប់ផ្តើម​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​បាញ់​ពី​ដី​ទៅ​អាកាស​S-400​ទៅកាន់​បេឡា​រូ​ស​