ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ យុវតីជនជាតិអង់គ្លេសកាត់បែលហ្ស៊ិកម្នាក់បានក្លាយជាស្ត្រីវ័យក្មេងបំផុតដែលបានហោះហើរទោលជុំវិញពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ទី២០ មករា និងជាមនុស្សដំបូងគេដែលធ្វើដូច្នេះបាននៅក្នុងយន្តហោះខ្នាតតូចបន្ទាប់ពីហោះឆ្លងទ្វីបចំនួនប្រាំអស់រយៈពេលប្រាំខែ។
នាង ហ្សារ៉ា រូធឺហ្វត (Zara Rutherford)អាយុ ១៩ ឆ្នាំបានចុះចតនៅអាកាសយានដ្ឋានកតទ្រីក-វេវែលហ្គឹម (Kortrijk-Wevelgem) ក្នុងប្រទេសបែលហ្ស៊ិកបន្ទាប់ពីហោះហើរបានចម្ងាយ ៥១.០០០ គីឡូម៉ែត្រលើប្រទេសចំនួន ៥២ ចាប់តាំងពីការចាកចេញរបស់នាងកាលពីថ្ងៃទី ១៨ ខែសីហានៅក្នុងយន្តហោះខ្នាតតូចដែលមានល្បឿនលឿនបំផុតលើពិភពលោក។
មានការអបអរសាទរនិងទះដៃខណៈយន្តហោះរបស់នាងបានឈប់នៅលើផ្លូវរត់។
នាងរូធឺហ្វត ដែលបញ្ចេញស្នាមញញឹមពព្រាយនិងពាក់ទង់ជាតិអង់គ្លេសនិងបែលហ្ស៊ិក បានប្រាប់អ្នកយកព័ត៌មានថា “វាពិតជាអស្ចារ្យមែនទែន ខ្ញុំមិននឹកស្មានសម្រេចវាបានទេ”។
បន្ទាប់ពីចុះសំចតចុងក្រោយនៅភូមិមួយរបស់អាល្លឺម៉ង់កាលពីថ្ងៃពុធ នាងបាននិយាយថា វាជាការសម្រេចស្នាដៃមួយ ដែលនាងមិនរំពឹងកើតឡើងម្តងទៀតនោះឡើយ។
នាងបានបន្ថែមថា “មានពេលវេលាដ៏អស្ចារ្យ ប៉ុន្តែបន្ទាប់មកក៏មានពេលដែលខ្ញុំភ័យខ្លាចស្លាប់ដែរ” ដោយនាងជ្រើសយកទីក្រុងញូវយ៉កនិងភ្នំភ្លើងសកម្មនៅអ៊ីស្លង់ធ្វើជាការហោះហើរដែលនាងចូលចិត្តជាងគេបំផុត៕
នាង ហ្សារ៉ា រូធឺហ្វតកាន់វិញ្ញាបណ្ណបត្របញ្ជាក់ការហោះហើរជុំវិញពិភពលោកតែម្នាក់ឯង ក្រោយចុះចតនៅទីក្រុងកតទ្រីកកាលពីថ្ងៃព្រហស្បតិ៍ទី២០មករា ២០២២