​ដោយៈ គង់​ហេង / កំពង់ចាមៈ យុវជន​ប្រមាណ ៤០០ នាក់ មកពី​បណ្តា​អនុវិទ្យាល័យ និង​វិទ្យាល័យ​របស់​ក្រុង ស្រុក​ទាំង ១០ នៃ​ខេត្តកំពង់ចាម បានមក​ជួបជុំគ្នា រយៈពេល​បី ថ្ងៃ នៅ​វិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុក​ជើងព្រៃ ដើម្បី​ចូលរួម​ពិធី​បោះជំរំ ក្រោម​ប្រធានបទ «​ការអភិវឌ្ឍ​សមត្ថភាព ផ្នែក​បច្ចេកវិទ្យា ក្រោម​ម្លប់​សន្តិភាព​»​។​

​លោក អូត ឈាង​លី អភិបាលស្រុក​ជើងព្រៃ បាន​ប្រាប់ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២១ មករា នេះ​ថាៈ ការបោះ​ជំរំ ដែល​នឹង​ប្រព្រឹត្តទៅ ចំនួន បី ថ្ងៃ ពីថ្ងៃ​ទី ២០-២៣ មករា​នោះ ខណៈ​នេះ ការបោះ​ជំរំ​ដំណើរការ​ទៅ ចំនួន​មួយ​យប់​ហើយ ដោយ​ការ​ពី​ចាប់ផ្តើម​បើក ពិធី​នេះ កាលពី​យប់​ថ្ងៃទី ២០ មករា ម្សិលមិញ មានការ​អញ្ជើញ​ចូលរួម ពី​សំណាក់​លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម លោកស្រី ស្រួយ សុជាតិ ជា​អគ្គនាយកដ្ឋាន​អប់រំ យុវជន និង​កីឡា បាន​ចូលរួម​សំណេះសំណាល ដុត​ភ្លើង​គប់ រាំ​កម្សាន្ត ជាមួយ​ក្រុមយុវជន​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ ក្នុង​ពិធី​បើក​ការ​បោះជំរំ​ថាៈ ក្នុងនាម​រដ្ឋបាលខេត្ត​កំពង់ចាម និង​ក្នុងនាម​រូបលោក​ផ្ទាល់ សូម​សម្តែង​នូវ​មនោសញ្ចេតនា រីករាយ​រំភើប និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ គាំទ្រ និង​សហការ ដែល​ញ៉ាំងឱ្យ​មានការ​បោះជំរំ​យុវជន ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍​ទៀតថាៈ ការបោះ​ជំរំ គឺជា​ការបង្ហាត់ បង្ហាញ ពី​ការងារ​គ្រប់គ្រង ជា​ការរៀន​អនុវត្ត ដែល​ក្មួយៗ នឹង​ទទួលបាន​បទពិសោធន៍ តាម​កម្មវិធី ដែល​គណៈកម្មការ បានកំណត់ និង​ជាការ​អនុវត្ត​ផ្ទាល់ ដើម្បី​អ​ភ​វឌ្ឍន៍ បំ​ណិ​ន​ជីវិត របស់​ក្មួយៗ ក្នុងពេល​បោះជំរំ​នេះ​។ ការបោះ​ជំរំ ជា​សកម្មភាព​ជំរុញ និង​លើកទឹកចិត្ត​យុវជន ឱ្យទទួល​បាន​នូវ​ការអប់រំ និង​បណ្តុះបណ្តាល អភិវឌ្ឍន៍​បុគ្គលិក លក្ខណៈ​របស់​យុវជន ឱ្យមាន​ភាព​ពេញលេញ លើ​ផ្នែក​រាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និង​បំ​ណិ​ន ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ ក្នុងសង្គម​៕/V​