ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ឆ្មាទម្ងន់១៣គីឡូក្រាមដ៏ធំមកពីប្រទេសរុស្ស៊ី ដែលគេគិតថាជាឆ្មាធំជាងគេបំផុតនៅលើពិភពលោកគឺធំខ្លាំងពេករហូតគេតែងច្រឡំវាស្មានតែជាឆ្កែ។
ឆ្មាឈ្មោះ កេហ្វៀ (Kefir)ដែលម្ចាស់វាដាក់ឈ្មោះតាមទឹកដោះគោជូរ គឺជាពូជឆ្មាធំនៅរដ្ឋមេន (Maine) ដែលជាកម្មសិទ្ធិរបស់នាង យូលៀ មីនីណា (Yulia Minina) នៅទីក្រុងស្តារីអូស្កូល (Stary Oskol) របស់រុស្ស៊ី ។
នាងបានទិញកេហ្វៀជិតពីរឆ្នាំមកហើយ ហើយនិយាយថាសត្វចិញ្ចឹមនេះនៅតែបន្តលូតលាស់។
នាងយូលៀនិយាយថា “ខ្ញុំមិននឹកស្មានថាកូនឆ្មាតូចធម្មតាអាចធំខ្លាំងបែបនេះទេ។ វាមិនត្រឹមតែធំលូតលាស់ខាងរូបរាងកាយប៉ុណ្ណោះទេតែវាថែមទាំងឆ្លាតវៃនិងតែងមានអាកប្បកិរិយាស្ងប់ស្ងាត់ទៀតផង”។
“រូបរាងជាទូទៅគឺអាចប្រៀបជាមួយមនុស្សបាន ព្រោះកេហ្វៀមានរូបរាងកាចប៉ុន្តែវាស្លូតបូតគួរឱ្យស្រឡាញ់ណាស់។ នៅពេលមិត្តភក្តិនិងអ្នកស្គាល់គ្នាមកលេងផ្ទះម្តងៗការចាប់អារម្មណ៍ទាំងអស់គឺធ្លាក់ទៅលើវា ហើយវាសុខចិត្តឱ្យគេអង្អែលវាតាមចិត្ត។ ប៉ុន្តែពេលមានមនុស្សចម្លែកមកដល់ផ្ទះ គ្រប់គ្នាច្រឡំវាស្មានតែជាឆ្កែ”៕
កេហ្វៀមានទម្ងន់១៣គីឡូក្រាមធំប៉ុនឆ្កែ