ដោយៈសុផល/ភ្នំពេញ៖ ម៉ាស៊ីនត្រជាក់ ៦គ្រឿង បដារពាក្យស្លោកជាច្រើនផ្ទាំង សម្រាប់លម្អ ជុំវិញបរិវេណទីធ្លាវិទ្យាស្ថាន និងទឹកវីតាល់និងមីជាតិរបស់ក្រុមហ៊ុន វ័នម៉រ លីមីធីត បានត្រូវ​ប្រគល់ជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២សម្រាប់បម្រើដល់វិស័យបណ្តុះ​បណ្តាល​ធនធាន​មនុស្ស។

 

ក្នុងពិធីប្រគល់និងទទួលម៉ាស៊ីនត្រជាក់នោះលោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា៖ ការផ្តល់ជូនសម្ភារបរិក្ខារ រួមមាន ម៉ាស៊ីនត្រជាក់ ៦គ្រឿង និងបដារ ពាក្យ ស្លោកជាច្រើនផ្ទាំង លម្អជុំវិញបរិវេណទីធ្លាវិទ្យាស្ថាន នេះបានឆ្លើយតប នឹងតម្រូវការចាំបាច់របស់វិទ្យាស្ថាន និងជា ចំណែកនៃ ការអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជា តាមរយៈការបំពាក់ជូននូវសម្ភារបរិក្ខារទំនើបៗ ដែលផ្តល់នូវអំណោយផលដល់ការប្រជុំ និងសិក្សារបស់និស្សិតដែលកំពុងសិក្សានៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

លោកបានគូសបញ្ជាក់ថា៖ “ក្នុងនាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈមួយនៃក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ យើងខ្ញុំសូមឆ្លៀតឱកាសនេះសំដែងនូវអំណរគុណ ជាពិសេសចំពោះ ក្រុមហ៊ុនទឹកពិសា វីតាល់ និងមីជាតិដែលបានចូលរួមគាំទ្រដល់វិទ្យាស្ថានជាតិបច្ចេក ទេសជាដរាប មិនថាការផ្តល់ជូននូវសម្ភារ និងការឧបត្ថម្ភផ្សេងៗ តួយ៉ាងដូចថ្ងៃនេះ ការផ្តល់ជូននូវម៉ាស៊ីនត្រជាក់នេះ ពិតជាបានជួយសម្រួលដល់តម្រូវការចាំបាច់ របស់វិទ្យាស្ថាន និងស្តែងចេញពីការយកចិត្តទុកដាក់របស់វិស័យឯកជន ក្នុងចូលរួមសកម្មភាពសង្គម ជាពិសេសលើវិស័យអប់រំ“។

លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនវ័នម៉រ លីមីធីត បានមានប្រសាសន៍ថា “ ដោយមើលឃើញពីតម្រូវការចាំបាច់ទាំងនេះ ទើបក្រុមហ៊ុន វ័នម៉រ លីមីធីត ដែល មានទឹកពិសាវីតាល់ និងមីជាតិ បានរៀបចំបំពាក់ជូនវិទ្យាស្ថាន តាំងពីឆ្នាំ២០២១ មកម៉្លេះ ប៉ុន្តែដោយការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ បានធ្វើឱ្យយើង ពន្យារ ការជួបជុំរហូតមកដល់ពេលនេះ ទើបយើងមានឱកាសបានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការស្របតាមបែបបទគន្លងប្រក្រតីភាពថ្មី ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនវីតាល់ជាក្រុមហ៊ុនផលិតទឹកពិសាដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារនិងឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ។វីតាល់​ត្រូវបាន​ទទួល​ស្គាល់និងពេញនិយមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលមានវត្តមានក្នុងទីផ្សារតាំងពីឆ្នាំ២០១០ មកម៉្លេះ។ ចំណែក ផលិតផលមីជាតិ ជាផលិត​មីកញ្ចប់ឆ្អិនស្រាប់ ដែលមានរសជាតិបែបខ្មែរដំបូងគេ ផលិតដោយជនជាតិខ្មែរ និងត្រូវបានទទួលស្គាល់លើគុណភាព អនាម័យ ជាផលិតផលមីកញ្ចប់ក្នុងស្រុក ដែល​មានរសជាតិឆ្ងាញ់ពិសា៕Ph