ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោកស្រី អាណា ម៉ា​រៀ ប្រ៊ី​តូ អា​បេ​ត (Ana Maria Prieto Abad ) ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​កូ​ឡុំ​ប៊ី​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន នៅ​ក្រុង​បាងកក បាន​ស្នើសុំ​ការបន្ត​គាំទ្រ​លើ​ការបណ្តុះបណ្តាល​ពី​ស៊ីម៉ាក់ តាមរយៈ​ការឧបត្ថម្ភ​របស់​ជប៉ុន ។

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​អះអាងថា ការស្នើសុំ​នេះ​គឺធ្វើឡើង នៅពេលដែល លោក និង​លោកស្រី អាណា បាន​ជួប​ពិភាក្សាគ្នា នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២​នេះ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់​ភ្នំពេញ ។

​លោក​បាន​បញ្ជាក់ថា លោកស្រី​ទូត​បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​ពង្រឹង​កិច្ចប្រតិបត្តិការ​យ៉ាង​ល្អ​ទាំង​ទ្វេភាគី​និង​ពហុភាគី​ទន្ទឹង​នឹង​នេះ​ក៏​ថ្លែងអំណរគុណ​ចំពោះ​អង្គភាព​ស៊ីម៉ាក់​ដែល​បានផ្តល់​ការហ្វឹកហ្វឺន​ជូន​កងទ័ព​និង​កំលាំង​ជំនាញ​សកម្មភាព​មីន​កូ​ឡុំ​ប៊ី បាន​ចំនួន​១៦៦​នាក់​ទាំង​ការហ្វឹកហ្វឺន នៅ​កូ​ឡុំ​ប៊ី និង​នៅ​កម្ពុជា ដែល​ការហ្វឹកហ្វឺន​នេះ​អនុវត្តតាម​គំរោង​កិច្ច​សហ​ប្រតិ ប​តិ្ត​ការ​ត្បូង​-​ត្បូង​គាំទ្រ​ដោយ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)​។​

​លោក​បាន​បន្តថា ទន្ទឹង​នឹង​នេះ រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​ក៏ បាន​ស្នើសុំ​រដ្ឋាភិបាល​ជ​ប៉ុន បន្ត​គាំទ្រ​ឱ្យ​អង្គភាព​ស៊ីម៉ាក់​បន្ត​ជួយផ្តល់​ការហ្វឹកហ្វឺន​ដល់​កំលាំង​ជំនាញ​កូ​ឡុំ​ប៊ី​បន្ថែមទៀត​ចាប់ពី​ឆ្នាំ​២០២២​នេះ​។

​ប្រទេស​កូ​ឡុំ​ប៊ី​ស្ថិតនៅ​អាមេរិក​ខាងត្បូង មាន​ប្រជាជន​ប្រមាណ​៥០​លាន​នាក់ មាន​ចំងាយ​ពី​ប្រទេស​កម្ពុជា​ប្រមាណ​១៨.០០០​គីឡូម៉ែត្រ​ស្ថិតនៅ​ម្ខាង​ទៀត​នៃ​ផែនដី ដែលមាន​ពេលវេលា​ខុសគ្នា​ចំនួន​១២​ម៉ោង​គត់ ៕​/PC