ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ:សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងរៀបចំការប្រកួតជ្រើស រើសក្រុមជម្រើសជាតិជាតិកម្ពុជា សម្រាប់វិញ្ញាសា Mobile Legends និង PUBG Mobile ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ចំពោះក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ដល់លេខ៤ទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិកម្ពុជាព្រមទាំងមានគណៈប្រតិភូ គ្រូបង្វឹក និងពិធីករ (Caster) ត្រឹមត្រូវមួយ ចំនួន។ ជាពិសេសទៀតនោះជាការអភិវឌ្ឍ បង្កើនសមត្ថភាព បំផុសបំផុល និងជំរុញកីឡាអេឡិចត្រូនិកកម្ពុជាដើម្បីឲ្យរីកចម្រើនឈានឡើងលំដាប់អន្តរជាតិ សម្រាប់ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ កីឡាអេឡិចត្រូនិកកម្ពុជាពីរក្រុមជាប់ឈ្មោះទៅស៊ីហ្គេមរួចហើយ បន្ទាប់ពីជាប់វគ្គជម្រុះក្នុងចំណោមកំពូលទាំងប្រាំបី។

សម្រាប់ PUBGM គឺក្រុម APG E-sports និង Orange E-sports ដែលជាក្រុម២ដំបូងគេជាប់ទៅដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម ក្រោយឆ្លងកាត់ការប្រកួតព្រឹត្តិការណ៍មុនស៊ីហ្គេម (Pre-SEAGAMES) នៅដើមឆ្នាំនេះ។
ឯកឧត្តមជា ច័ន្ទបរិបូណ៍ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(E-Sport)លើកឡើងថាប្រសិនបើប្រភេកីឡាអេឡិចត្រូនិចមិន
រីកចម្រើនទាល់តែសោះក្នុងស៊ីហ្គេមនៅវៀតណាមនាខែឧសភាឆ្នាំ២០២២នេះនោះសហព័ន្ធនឹងប្រជុំពិចារណាជាមួយគ្នាថាតើគួររៀបចំធ្វើកីឡាអេឡិចត្រូវនិក ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឬអត់?។

ប្រមុខសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជារូបនេះបញ្ជាក់ទៀតថា៖សម្រាប់ការត្រៀមស៊ីហ្គេមឆ្នាំ២០២២នេះខ្ញុំមិនចង់និយាយអំពីថាតើប្រភេទកីឡាអេឡិចត្រូនិកកម្ពុជាមានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងមេដាយកម្រិតណានោះទេប៉ុន្តែសហព័ន្ធចង់ឃើញពីក្រាហ្វិចកើនឡើងពីចម្លោះស៊ីហ្គេម លើទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ និងការចូលរួមប្រកួត ស៊ីហ្គេម លើទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ថាតើកម្រិតប្រកួតប្រជែងអាចឈានឡើងបន្ថែម ឬធ្លាក់ចុះ ឬអាចរក្សានៅកម្រិតដដែល។ ប្រសិនបើមិនរីកចម្រើនទាល់តែសោះ ឬរក្សាកម្រិតដដែល សហព័ន្ធនឹងពិចារណាជាមួយគ្នាថាតើគួររៀបចំ E-Sport នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ឬអត់?ព្រោះ យើងរៀបចំក៏អត់មានន័យអ្វីដែរ។

អ្វីដែលសំខាន់នៃគោលដៅចំពោះមុខនេះ គឺយើងត្រូវមានមហិច្ឆតារួមគ្នា ដោយសហព័ន្ធមានគោលការណ៍ច្បាស់លាស់ ការលើកទឹកចិត្ត ជាពិសេសគឺកីឡាករត្រូវតែមានមហិច្ឆតាដូចគ្នា ក្នុងការសម្រួចឆន្ទៈប្រកួតដណ្តើមមេដាយយកមកជូនជាតិដូចគ្នា។ ដូច្នេះសហព័ន្ធ និងកីឡាករត្រូវខិតខំរួមគ្នា ដើម្បីឈានដល់លទ្ធផលដ៏គាប់ប្រសើរណាមួយ សម្រាប់ជាតិ។ វាដូចជាគោមួយនឹម ឬទូកមួយអាចទៅមុខបាន អាស្រ័យដោយមានការប្រឹងប្រែង ឬអ្នកអុំទូកត្រូវរួមកម្លាំងសាមគ្គីគ្នា។

លោកប្រធានសហព័ន្ធក៏បានលើកទឹកចិត្តជូនដល់កីឡាករទាំងអស់ថាគប្បីត្រូវប្រឹងប្រែងឲ្យខ្លាំងក្លាពីព្រោះម្ចាស់មេដាយដែលដណ្តើមពីការប្រកួតពិភពលោកឬស៊ីហ្គេមនឹងទទួលបានការលើកទឹកចិត្តពិសេសពីក្រសួងអប់រំយុវជននិងកីឡាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ការខិតខំអស់ពីសមត្ថភាព គឺជាមោទនភាពរបស់យើងទាំងអស់គ្នា៕សរន