ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការ យោគយល់គ្នា ស្តីពី ការអភិវឌ្ឍហ្គ្រីនហៅស៍កសិបច្ចេកវិទ្យា ៤.០ ជាមួយក្រុម ហ៊ុនបី ដែលរួមមាន Agri-Sambathkhmer Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd និងក្រុមហ៊ុន ISBP Group-Sun Business Investment Globe Co., Ltd ។
នាឱកាសនោះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានថា ការបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺពិតជាឆ្លើយតប តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ក្នុងគោលបំណង ដើម្បីជំរុញ និងលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារការអនុវត្តកសិកម្ម ល្អកម្ពុជា (Cam-GAP) ធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព រួមចំណែកបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម។
ខ្លឹមសារនៃអនុស្សរណ:នៃការយោគយល់គ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រាកដជានឹងជួយបំពេញនូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងគូភាគីទាំងអស់ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់ តម្លៃផលិតកម្មបន្លែប្រកបដោយ ចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែងការប្រែប្រួលអាកាស ធាតុ និងនវានុវត្តន៍ ជាពិសេសវាពិតជានឹងចូលរួមចំណែកអនុវត្តផែនការ យុទ្ធសាស្ត្ររបស់ក្រសួងក្នុងការជំរុញផលិតភាពនិងពិពិធកម្មដំណាំបន្លែសុវត្ថិភាព ឲ្យកាន់តែល្អប្រសើរ ចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មបន្លែ ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុង និងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ ចំណូល។
លោក រដ្ឋមន្ត្រីបន្ថែមថា នេះក៏ជាយន្តការមួយក្នុងការចូលរួមដោះស្រាយនូវ បញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ និងកែលម្អដើម្បីលើកកម្ពស់សមត្ថភាព ផលិតឆ្លើយតបតាមតម្រូវការទីផ្សារ ប្រែក្លាយកសិករទៅជាកសិ-សហគ្រិន ឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាព សម្រាប់ឆ្នាំ ២០៣០ និងគោលនយោបាយនៃការធ្វើទំនើបកម្មវីស័យកសិកម្ម ២០២១-២០៣០ ផងដែរ។
ជាងនេះទៅទៀតគឺស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋា ភិបាល ក្នុងការធ្វើ ទំនើបកម្មកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួល អាកាសធាតុ និងនិរន្តរភាពសំដៅបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ សុខុមាលភាព របស់ប្រជាពលរដ្ឋ។ អនុស្សរណ:នៃការយោគយល់គ្នាស្តីពីការ អភិវឌ្ឍហ្គ្រីនហៅស៍បច្ចេកវិទ្យា ៤.០ នឹងអាចឲ្យភាគីទាំងអស់ធ្វើកិច្ចសហ ប្រតិបត្តិការ រួមគ្នា សំដៅសម្រេចឲ្យបានតាមគោលដៅសាងសង់ហ្គ្រីន ហៅស៍កសិបច្ចេកវិទ្យា ៤.០ ឲ្យបានចំនួន ១០.០០០ ខ្នងក្នុងរយៈពេល១០ឆ្នាំ បន្ទាប់ទៀតនោះគឺដើម្បីផលិតបន្ថែមជាអប្បបរមាចំនួន ៤០០ តោនក្នុងមួយឆ្នាំ មិនត្រឹមតែផ្តល់ការផ្គត់ផ្គង់ដែលមានសុវត្ថិភាព និងមាននិរន្តរភាពដល់ទីផ្សារ ក្នុងមូលដ្ឋាន និងថែមទាំងផ្តល់នូវការចុះកិច្ចសន្យាផលិតកម្មជាមួយសហគមន៍ និងទីផ្សារអន្តរជាតិផងដែរ។
ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ធ្វើយ៉ាងណាឲ្យខ្លឹមសារនៃ អនុស្សរណ:នៃការយោគយល់គ្នានេះលេចចេញ ឬកើតចេញជាប្រយោជន៍ សម្រាប់វិស័យផលិតកម្មបន្លែកម្ពុជានាពេលអនាគត។
ទី១. ត្រូវជួយពង្រឹងសមត្ថភាពបច្ចកទេសដល់កសិករសហគមន៍កសិកម្មឲ្យទទួល បាននូវបច្ចេកទេសទំនើបពីក្រុមហ៊ុន ផលិតនូវផលិតផលដែលមានគុណភាព និងសុវត្ថិភាព ព្រមទាំងត្រូវភ្ជាប់ផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដើម្បីសម្រួលក្នុងការប្រមូលទិញផលិតផលពីកសិករ ឬសហគមន៍កសិកម្ម ស្របតាមអភិក្រម “រដ្ឋ-វិស័យឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។
ទី២. ក្រុមហ៊ុន និងអគ្គនាយកដ្ឋានកសិកម្មត្រូវសហការគ្នាក្នុងការបង្កើនការ ជឿទុកចិត្តពីអ្នកប្រើប្រាស់ដោយត្រូវបន្តពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលកសិកម្មស្របតាមស្តង់ដារឲ្យបានកាន់ តែរឹងមាំក៏ដូចជាការចូលរួមគាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោល ការណ៍“អភិវឌ្ឍន៍បៃតង” និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុសំដៅ កាត់បន្ថយផលអវិជ្ជមានជាអតិបរមា មកលើកំណើនសេដ្ឋកិច្ច និងជីវភាពសង្គមកម្ពុជា។ ទី៣.ត្រូវបន្តកៀរគរផ្នែកឯកជននិងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួម វិនិយោគនៅក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាពដោយប្រើប្រាស់បច្ចេកទេស ទំនើបកម្ម ប្រកបដោយភាពវៃឆ្លាត។ ជាពិសេសគិតគូរអំពីការប្រើប្រាស់កម្មវិធី ក្នុងទូរស័ព្ទដៃអំពីទិន្នន័យភូមិសាស្ត្រសម្រាប់កសិកម្មនិងទឹកដែលជាបច្ចេកវិទ្យា ថ្មីទំនើបសម្រាប់បម្រើក្នុងការងារកសិកម្មលើផលិតកម្មដំណាំបន្លែដោយបានដាក់បញ្ចូលសេវាកម្មចំនួន ៥ រួមមាន៖ សេវាកម្មប្រព័ន្ធស្រោចស្រពសេវាកម្មប្រើ ប្រាស់ជី-ថ្នាំកសិកម្ម សេវាកម្មគ្រប់គ្រងដំណាំបន្លែសេវាកម្មព័ត៌មានទីផ្សារ កសិកម្ម និងសេវាកម្មវិភាគគុណភាព សុវត្ថិភាព ការអនុវត្តកសិកម្មល្អកសិកម្ម សរីរាង្គសម្រាប់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្មអាជីវករទិញ-លក់បន្លែ ជាដើម។ ទី៤. ត្រូវបន្តពង្រឹងសមត្ថភាព និងគ្រប់គ្រងផែនការផលិតរបស់ក្រុម ផលិតបណ្តុំកសិករ និងសហគមន៍កសិកម្ម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ ដល់ទីផ្សារ និងអ្នកបញ្ជាទិញនិងបង្កើតបរិយាកាសពាណិជ្ជកម្មឲ្យបានល្អ ប្រសើរ។ ទន្ទឹមគ្នានេះ ត្រូវបន្តជំរុញការបញ្ជ្រាបការអនុវត្ត CamGAP និង CamOrg ឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេសជាពិសេសតាមរយៈ បណ្តុំកសិករ និងសហគមន៍កសិកម្ម ដើម្បីងាយស្រួលតាមដាន និងគ្រប់គ្រង នូវប្រភពបន្លែច្បាស់លាស់ ធានានូវគុណភាពនិងសុវត្ថិភាព និងផ្សារភ្ជាប់ផលិត ផលជាមួយទីផ្សារ៕/PC