ដោយៈ បូកគោ / កំពត​: បង្គា​បញ្ចូល​សារធាតុ​គីមី ជាង​មួយ​តោន ត្រូវបាន​មន្ត្រី​ជំនាញ រកឃើញ​មាន​សារធាតុ​គីមី បន្ទាប់ពី​សមត្ថកិច្ច ឃាត់​ចាប់​រថយន្ត​មួយគ្រឿង ពេល​កំពុង​ដឹក​ចេញ តាមផ្លូវ​ជាតិ​លេខ​៣៣ ច្រកទ្វារ​អន្តរជាតិ ព្រែក​ចាក បម្រុង​យកទៅ​ទៅ​ភ្នំពេញ​។ ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២​។​

​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ ព្រែក​ចាក លោក ង៉ែត សាវឿន បាន​ប្រាប់​ឱ្យដឹងថាៈ កាលពី​ព្រឹក ថ្ងៃទី​២១ ខែមករា កម្លាំងចម្រុះ បាន​ចុះ​ធ្វើ​ប្រតិបត្តិការ ឃាត់​រថយន្ត​ដឹក​បង្គា ស្រស់ មួយគ្រឿង កំពុងធ្វើដំណើរ តាមផ្លូវ​ជាតិ​លេខ​៣៣ ពី​ព្រែក​ចាក ឆ្ពោះទៅ​រាជធានី ភ្នំពេញ​។ ក្នុង​រថយន្ត​នោះ មាន​បង្គា ១៤៣ កេស ដោយបាន​ចាក់​ចាហួយ ចូលក្នុង​ក្បាល ចំនួន ៨១ កេស ទម្ងន់ ១.៤៨៤ គីឡូក្រាម​។

​លោក​ប្រធាន​ស្នាក់ការ បាន​បន្តថាៈ បង្គា​មាន​សារធាតុ​គីមី ទាំងនោះ ត្រូវបាន​សមត្ថកិច្ច យកទៅ​ដុត​កម្ទេចចោល នា​រសៀល ថ្ងៃ​ដដែល​៕/V​