ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ជំហាន១ និង ជំហាន២ ដែលចំណាយពេល សាងសង់ អស់រយៈពេលជិត ១០ ឆ្នាំ លើគម្រោង ទឹកប្រាក់ជាង ២០០ លានដុល្លារ សម្រាប់ទាញយកទឹកពីទន្លេមេគង្គ (ទន្លេតូច) បានរួចរាល់ជាស្ថាពរ ហើយ កាលចុងឆ្នាំ២០២១ កន្លងទៅ ដោយមានលទ្ធភាពស្រោចស្រពផ្ទៃដីដំណាំស្រូវ ប្រមាណជា ២៥១.៨០០ ហិកតា ដែលក្នុងនេះ ផ្ទៃដីស្រូវប្រាំង មានចំនួន ៥០.៤០០ ហិកតា និងស្រូវវស្សា ចំនួន ២០១.៤០០ ហិកតា នៅក្នុងខេត្តព្រៃវែង ស្វាយរៀង និងមួយផ្នែក ខេត្តត្បូងឃ្មុំ តែគេមិនទាន់ប្រគល់ឱ្យមក ក្រសួងធនធានទឹក និងឧតុនិយម គ្រប់គ្រងបន្តនៅឡើយទេ គឺស្ថិតនៅក្នុងសុពលភាពគ្រប់គ្រង និងថែរក្សាដោយក្រុមហ៊ុន ទទួលខុសត្រូវ សាងសង់ មួយរយៈទៀត។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នេះថាៈ គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្ត្រ ជំហានទី២ បានរួចរាល់ជាស្ថាពរហើយ កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ តែគេមិនទាន់ប្រគល់មកឱ្យ ក្រសួងគ្រប់គ្រងបន្តនៅឡើយទេ គឺស្ថិតនៅក្នុងសុ ពលភាពគ្រប់គ្រង និងថែរក្សា ដោយក្រុមហ៊ុនទទួលខុសត្រូវ សាងសង់មួយរយៈទៀត។
អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ជំហានទី១ និងជំហានទី២ ដែលបានចំណាយពេលសាងសង់ ជិត ១០ ឆ្នាំនេះ មានលទ្ធភាព ទឹកស្រោចស្រពលើផ្ទៃដីដំណាំស្រូវសរុប ចំនួនប្រមាណជា ២៥១.៨០០ ហិកតា ក្នុងនេះផ្ទៃដីស្រូវប្រាំង មានចំនួន ៥០.៤០០ ហិកតា និង ស្រូវវស្សា ចំនួន ២០១ .៤០០ ហិកតា នៅក្នុងខេត្តព្រៃវែង ស្វាយរៀង និងមួយផ្នែកខេត្តត្បូងឃ្មុំ ដោយទាញយក ប្រភពទឹកពីទន្លេមេគង្គ (ទន្លេតូច) ក្នុងភូមិសាស្ត្រស្រុកកោះសូទិន ខេត្តកំពង់ចាម នៅរដូវវស្សា ដោយបើកទ្វារទឹកឱ្យទឹកទន្លេ មេគង្គ ហូរចូលបឹង និងប្រឡាយមេ និងនៅរដូវប្រាំង ប្រើប្រាស់ស្ថានីយ ដើរដោយថាមពលអគ្គិសនី បូមទឹកពីក្នុងទន្លេ ដាក់ចូលប្រឡាយមេ និងបញ្ជូនបន្ត ដោយស្ថានីយ បន្ទាប់បូមទឹក ចំនួនបីកន្លែងទៀត ដាក់ចូលទៅក្នុងប្រឡាយរង។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ ការងារដែលក្រសួង ត្រូវធ្វើបន្ត នៅក្នុងគម្រោងវ៉ៃគោ ជំហាន១ និងជំហាន២ ដែលបានរួចរាល់ហើយនេះ គឺធ្វើអនុត្តរភាព ប្រព័ន្ធធារាសាស្ត្រ ដើម្បីបញ្ជូនទឹកបន្ត ពីប្រឡាយរងនានា ឱ្យបានទៅដល់ស្រែ ដែលការងារនេះ ក្រសួងបានអនុវត្ត ជាបន្តបន្ទាប់រួចមកហើយ។
គួររំលឹកឱ្យដឹងថា គម្រោងវ៉ែកូ ជំហានទី១ បានបញ្ចប់ នៅក្នុងឆ្នាំ២០១៧ និង គម្រោង ជំហានទី២ បាន អនុវត្តបន្តពីឆ្នាំ២០១៧ បានបញ្ចប់នៅចុង ឆ្នាំ២០២១ ។ គម្រោងទាំងពីរ នេះ ចំណាយថវិកាអស់ ប្រមាណជាង ២០០ លានដុល្លារ បានមកពីសាធារណរដ្ឋ ប្រជាមានិតចិន និងថវិការាជរដ្ឋាភិបាល។
តាមឯកសាររបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញឲ្យឃើញថា គម្រោងវ៉ៃគោ ជំហានទី២ មានការងារសំខាន់ៗ ត្រូវធ្វើដូចជាជីកព្រែក ២ ខ្សែ សរុបប្រវែង ១៤,៦ គីឡូម៉ែត្រ ដោយព្រែកលេខ១ មានប្រវែង ៦,៣ ជម្រៅ ១០,១០ ម៉ែត្រ និងព្រែកលេខ២ ប្រវែង ៨,៣ គីឡូម៉ែត្រ ជម្រៅ ១០,៨០ ម៉ែត្រ ។
ជីកប្រឡាយមេ ចំនួន ៤ខ្សែ ប្រវែងសរុប ៥៩,៥ គីឡូម៉ែត្រ ដោយរួមមាន ប្រឡាយមេលេខ១ ប្រវែង ១៩,៦ គីឡូម៉ែត្រ ទទឹងមាត់ លើពី ៦,៩២ ម៉ែត្រ ដល់ ១០,៥៤ ម៉ែត្រ និងទទឹងបាតក្រោម ពី ២ ដល់ ៤ ម៉ែត្រ ជម្រៅពី ២,៤៦ ម៉ែត្រ ដល់ ៣,២៧ ម៉ែត្រ ។ ប្រឡាយលេខ២ ប្រវែង ១២,៦ គីឡូម៉ែត្រ ទទឹងមាត់ លើ ពី ១១,៣៤ ម៉ែត្រដល់ ១០,៥៤ ម៉ែត្រនិង ទទឹងបាតក្រោម ៥ ម៉ែត្រ ជម្រៅ ៣,១៧ ម៉ែត្រ។ ប្រឡាយលេខ៣ ប្រវែង ៧,៤ គីឡូម៉ែត្រ ទទឹងមាត់លើ ១១,០៦ ម៉ែត្រ ដល់ ១០,៥៤ ម៉ែត្រ និង ទទឹងបាតក្រោម ៤ ម៉ែត្រ ជម្រៅ ៣,៥៣ ម៉ែត្រ ។ ប្រឡាយលេខ៤ ប្រវែង ១៩,៨៧ គីឡូម៉ែត្រ ទទឹងមាត់លើ ១១,០៦ ម៉ែត្រ ដល់ ១០,៥៤ ម៉ែត្រ និងទទឹង បាតក្រោម ៤ ម៉ែត្រ ជម្រៅ ៣,៥៣ ម៉ែត្រ ។
នៅគម្រោង ជំហានទី២ នេះ ក៏មានសាងសង់ ទំនប់សណ្តរ ប្រវែង ៤១,៥ គីឡូម៉ែត្រ ។ សំណង់បង្ហៀរទឹក ១ កន្លែង សំណង់ស្ទាក់ទឹក ៦ កន្លែង និងសំណង់សម្រួលចរន្តទឹក ៨ កន្លែង ។ ស្ថានីយបូមទឹក ៤ កន្លែង និងសំណង់ លូទឹក ចំនួន ៣២ កន្លែង ។
ចំណែកឯ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី១ វិញ រួមមាន ការងារជីកស្តារ ព្រែកមួយខ្សែ ប្រវែងជាង ៤០ គីឡូម៉ែត្រ ដោយនៅក្នុងផ្នែកទី១ មានប្រឡាយប្រវែង ១៣ គីឡូម៉ែត្រ ទទឹងមាត់លើ ៥៥ ម៉ែត្រ និងទទឹងបាតក្រោម ២៥ម៉ែត្រ ចាប់ពីឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដល់ឃុំស្វាយជីក្រាយ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ផ្នែកទីពីរ មានប្រវែង ២៧ គីឡូម៉ែត្រ ទទឹងមាត់លើ ៤៤ ម៉ែត្រ និងទទឹងបាត ក្រោម ១៨ ម៉ែត្រ ចាប់ពីឃុំស្វាយជីក្រាយ ស្រុកស៊ីធរកណ្តាល ដល់ឃុំតាដោក ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ក្រៅពីគម្រោងជីកស្តារព្រែក ខាងលើ នៅមានគម្រោងជីក ប្រឡាយមេ ពីរខ្សែ ប្រវែង ៧៨ គីឡូម៉ែត្រ ។ ប្រឡាយទីមួយ មានប្រវែង ២៨.៥ គីឡូម៉ែត្រ ទទឹង មាត់លើ ២៥,៥ ម៉ែត្រ ទទឹងបាតក្រោម ៨,៥ ម៉ែត្រ ចាប់ពីឃុំស្វាយជីក្រាយ ស្រុក ស៊ីធរកណ្តាល ដល់ឃុំដំរីពួន ស្រុកព្រៃវែង ។ ប្រឡាយទីពីរ ប្រវែង ៤៣ គីឡូម៉ែត្រ ទទឹង មាត់លើ ២៣ ម៉ែត្រ ទទឹងបាតក្រោម ១១ ម៉ែត្រ ចាប់ពីឃុំតាដោក ដល់ឃុំកំចាយមារ ឃុំ ប្រាហួត ស្រុកមេសាង ខេត្តព្រៃវែង ។ សាងសង់សំណង់មេ យកទឹក ពីរ កន្លែង សំណង់ បញ្ចាល់ទឹក ១៦ កន្លែង និង សំណង់ បែងចែកទឹក ២២ កន្លែង ៕/V