​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នក​ដែល​បាន​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​ពីរ​ដូសដែល​ផលិត​ដោយ​ក្រុមហ៊ុន Sinovac Biotech របស់​ចិន​គួរតែ​ចាក់ដូស​ជំរុញ​ផ្សេងទៀត​ដើម្បី​​បង្កើន​ការការពារ​ប្រឆាំង​នឹង​មេរោគ​អូ​មី​ក្រុង នេះ​បើ​យោងតាម​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​មកពី​ប្រទេសប្រេ​ស៊ីល​និង​សាកលវិទ្យាល័យ​អក់​ស្វ​ត​។​

​ការស្រាវជ្រាវ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី ២១ មករា​ក្នុង​ទស្សនា​វ​ដ្តី The Lancet បាន​សាកល្បង​ការ​រួមផ្សំ​ដូស​ជំរុញ​លើម​នុស្ស ១.២៤០​នាក់​មកពី​ប្រទេសប្រេ​ស៊ីល​ដែល​មាន​អាយុ​លើសពី ១៨ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង Sinovac អំឡុង​៦​ខែ​មុន​នេះ​។​

​ខណៈ​អ្នក​ដែល​ចាក់​ដូសទី​បី​របស់ Sinovac ទទួលបាន​នូវ​អង្គ​បដិ​ប្រាណ​ច្រើនឡើង​ក្នុងរយៈពេល ២៨ ថ្ងៃក្រោយ​មក​នោះ​កម្រិត​អង្គ​បដិ​ប្រាណ​បានកើនឡើង​ខ្ពស់​ជាង​ចំពោះ​អ្នក​ដែល​បាន​ចាក់​ដូស​​ជំរុញ​ជា​មួយ​វ៉ាក់សាំង​មកពី Pfizer, AstraZeneca ឬ Johnson & Johnson ។​

​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា វិធីសាស្ត្រ​ចាក់ដូស​ជំរុញ​លាយ​បញ្ចូល​គ្នា​នេះ​បាន​ជំរុញ​ឱ្យមាន​ការការពា​រ​របស់​អង្គ​បដិ​ប្រាណ​កាន់តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​មេរោគ​ដែល​តា​និង​អូ​មី​ក្រុង​បើ​ធៀប​នឹង​​វ៉ាក់សាំង​របស់ Sinovac ដូ​សទីបី ដែល​គេ​ស្គាល់​ថា CoronaVac ។

​នេះ​គឺ​ស្រប​ទៅ​នឹង​ការរកឃើញ​ពី​ការសិក្សា​ផ្សេង​ទៀត​ដែល​គាំទ្រ​ដល់​អ្វី​ដែល​គេ​ហៅ​ថា​កាលវិភា​គដូស​ជំរុញ​ដែល​មាន​ប្រភព​ផ្សេងគ្នា​។​

​ភស្តុតាង​ដែល​ថាដូស​ជំរុញ​របស់ Sinovac បង្កើន​កម្រិត​អង្គ​បដិ​ប្រាណ​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុមហ៊ុន​ក៏ដូចជា​សម្រាប់​ប្រទេស​ចិន និង​ប្រទេស​កំពុងអភិវឌ្ឍន៍​ផ្សេងទៀត ដែល​ផលិតផល​មួយ​នេះ​គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ពួកគេ​។​

​ក្រុមហ៊ុន​ចិន​នេះ​បាន​និយាយ​កាលពី​ចុងឆ្នាំ​មុន​ថា ខ្លួន​កំពុង​ត្រៀម​ខ្លួន​ប្រឈម​ការធ្លាក់ចុះ​នៃ​ប្រាក់​ចំណូល ខណៈ​ការសិក្សា​ជាច្រើន​បាន​បង្កើន​ការសង្ស័យ​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ​ប្រឆាំងនឹង​អូ​មី​ក្រុង សូម្បី​បន្ទាប់ពី​ចាក់ដូស​ជំរុញក៏​ដោយ​៕

វ៉ាក់សាំង Sinovac លាយ​ជាមួយ​ដូស​ជំរុញ Pfizer, AstraZeneca ឬ Johnson & Johnson ជួយ​បង្កើន​ការការពារ​ប្រឆាំង​អូ​មី​ក្រុង​