ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ សត្វគោព្រៃយន្តធំសម្បើមមួយ ដែលមានភាពរឹងមាំល្មមអាចផ្ទុកទម្ងន់បានដល់ទៅ ១៦០ គីឡូក្រាម និងអាចរត់បានក្នុងល្បឿនរហូតដល់ ១០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រចិន។
រ៉ូបូតនេះអាចដោះស្រាយបានគ្រប់ស្ថានភាពផ្លូវនិងអាកាសធាតុ នេះបើយោងតាមសារព័ត៌មានរដ្ឋចិន People’s Daily ដែលបានចែករំលែកវីដេអូនៃសត្វគោព្រៃយន្តនេះនៅលើផ្លូវមួយ។
នៅពេលដាក់ពង្រាយ វានឹងចូលរួមជាមួយទាហានមកពីកងទ័ពចិនក្នុងបេសកកម្មដឹកជញ្ជូននិងឈ្លបយកការណ៍នៅទូទាំងបរិយាកាសស្មុគស្មាញទាំងឡាយ រួមទាំងវាលព្រិល វាលខ្សាច់ និងតំបន់ភ្នំ។
បេសកកម្មទាំងនោះនឹងរួមបញ្ចូលការងារនៅក្នុងតំបន់ព្រំដែនដាច់ស្រយាលក៏ដូចជានៅក្នុងតំបន់ប្រយុទ្ធដែលមានហានិភ័យខ្ពស់ផងដែរ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។
រ៉ូបូតនេះគឺបំពាក់ជាមួយឧបករណ៍ចាប់សញ្ញាជាច្រើនគ្រាប់ ដែលផ្តល់ឱ្យវាការយល់ដឹងកម្រិតខ្ពស់អំពីស្ថានភាពដែលអ្នកវិភាគនិយាយថាអាចបញ្ចូលព័ត៌មានទៅមេបញ្ជាការនៅក្នុងបរិយាកាសសមរភូមិ។
រ៉ូបូតចិននេះគឺដើរលើជើងបួននិងមានរូបរាងដូចសត្វគោព្រៃ ហើយបើយោងតាមទូរទស្សន៍ចិន CCTV វាគឺជាឧបករណ៍យន្តដ៏ធំបំផុត ធ្ងន់បំផុត និងមានសមត្ថភាព Off-roadខ្លាំងបំផុតនៅលើពិភពលោក។
យោងតាមទូរទស្សន៍ដដែលបានឱ្យដឹងថា រ៉ូបូតនេះមានកម្ពស់ប្រហែលពាក់កណ្តាលនៃសត្វគោព្រៃឈ្មោលពេញវ័យជាមធ្យម និងមានប្រវែងវែងជាងសត្វមែនទែនប្រហែលពីរដង។
រ៉ូបូតនេះភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាជាច្រើនដែលធ្វើឱ្យវាដឹងពីស្ថានភាពនិងបរិស្ថានជុំវិញខ្លួនវា ព្រមទាំងកម្រិតនៃការសម្របខ្លួនខ្ពស់ផងដែរ។
នេះរាប់បញ្ចូលទាំងការអាចដើរឡើងជណ្តើរ ការលូនក្រាបតាមលេណដ្ឋាន ក៏ដូចជាការដើរឆ្លងកាត់ច្រាំងថ្មចោត ផ្លូវភក់ វាលខ្សាច់ និងវាលព្រិលផងដែរ។
រ៉ូបូតនេះត្រូវបានរចនាឡើងសម្រាប់ដឹកសម្ភារៈធ្ងន់ៗសម្រាប់ទាហានឆ្លងកាត់បរិយាកាសក្តៅ ត្រជាក់ សើម និងធូលីហុយ ខណៈអាចស្ពាយទម្ងន់បានរហូតដល់ទៅ ១៦០ គីឡូក្រាម៕
សត្វគោព្រៃយន្តរបស់ចិនអាចរត់ក្នុងល្បឿន១០គីឡូម៉ែត្រក្នុងមួយម៉ោងនិងអាចត្រាច់ចរគ្រប់ស្ថានភាពផ្លូវ