ដោយៈ health.com.kh
​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ​គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អ ប្រសើរ ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា ការ​ទទួលទាន​ផ្លែឈើ​ស្រស់ៗ​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​យ៉ាងណា​ចំពោះ​សុខភាព​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​ទឹក​ផ្លែឈើ​មួយចំនួន​ដូចខាងក្រោម​ក៏​អាចជួយ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ចៀស​ផុតពី​បញ្ហា​ឆ្លង​មេរោគ​ទៀតផង​។

១. តែ​បៃតង​
​ការទទួល​ទាន​តែ​បៃតង​ជាប្រចាំ​អាចជួយ​ឱ្យ​អ្នករក្សា​បាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ​។ ភេសជ្ជៈ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សមាសធាតុ epigallocatechin gallate ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​មេរោគ​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន ក៏បាន​បង្ហាញ​ផងដែរ​ថា សមាសធាតុ epigallocatechin gallate នៃ​តែ​បៃតង អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។​

២. ទឹកក្រូច​ឆ្មារ​ស្រស់​
​មួយ​ក្នុងចំណោម​វិធី​ដ៏​ងាយ ហើយ​ចំនាយ​ប្រាក់​អស់​តិច​បំផុត​ដើម្បី​ធ្វើ​ភេសជ្ជៈ ដែល​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ​នោះ គឺ​ទឹក​ក្រូចឆ្មារ​ស្រស់​។ ភេសជ្ជៈ ទឹកក្រូច​ឆ្មារ​មាន​ផ្ទុក​សម្បូរ​ដោយ​វីតាមីន C និង​ធ្វើឱ្យ​រាងកាយ​មាន​ជាតិ អាល់​កា​ឡាំង​ដែល​ចាំបាច់​ណាស់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​។​

៣. ទឹក​ផ្លែ​ប៉ោម​ស្រស់​
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ដឹង​ហើយ​ថា ការទទួល​ទាន​ផ្លែ​ប៉ោម ១​ផ្លែ​ក្នុង មួយថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​។ ដូច្នេះ​វា​គ្មានអ្វី​គួរ ឱ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ការទទួល​ទាន​ទឹក​ផ្លែ​ប៉ោម​ស្រស់​អាចជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ​ការពារ​ប្រឆាំងនឹង​អ្វីដែល​អាចធ្វើឱ្យ​អ្នក​ឈឺ​។ ទោះជា​យ៉ាងណា ត្រូវ​ប្រាកដថា​អ្នក​កៀប​ផ្លែ​ប៉ោម​ទាំង​សំបក​ដើម្បី​ទទួលបាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់បំផុត​។​

៤. ទឹកខ្មេះ​ផ្លែ​ប៉ោម​
​ដើម្បី​ទទួលបាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១​ស្លាបព្រា​បាយ​ក្នុង​ទឹក​ធម្មតា ១​កែវ រួច​កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​នៅពេល​ព្រឹក​។​

៥. ទឹក​ផ្លែឈើ​គី​វី​ស្រស់​
​មាន​ផ្ទុក​សម្បូរ​ដោយ​វីតាមីន C ជាង​ក្រូច​ទៅទៀត​! នេះហើយ​ជា​មូលហេតុ​នាំ ឱ្យ​ការ​ទទួលទាន​ទឹក​ផ្លែ​គី​វី​ស្រស់​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ គី​វី​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A ដែល​ល្អ​សម្រាប់​ភ្នែក ហើយ​វីតាមីន E ដែល​ល្អ​សម្រាប់​ស្បែក​ផងដែរ​៕/PC