ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ រថយន្តមួយគ្រឿង ព្រមទាំងកូនគ្រែង ប្រមាណជាង ១២ តោន បានត្រូវនគរបាលការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច បង្ក្រាប នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៧១-៧២ ស្ថិតក្នុងភូមិក្រាំងភ្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក ហេង សម្រេច នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានឲ្យដឹងថាៈ នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត បានឃាត់រថយន្តមួយគ្រឿង ម៉ាក Daewoo ពាក់ស្លាក លេខ កំពង់ធំ 3A 2312 ។ អ្នកបើកបរឈ្មោះ ឃាង សុខា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិត្រពាំងត្រស់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បុរសនោះ ដឹកគ្រឿងសមុទ្រ ប្រភេទ កូនគ្រែង គ្មានលិខិតអនុញ្ញាតដោយដឹក ចេញពីចំណុចកំពង់ផែកែវផុស ស្រុកស្រែអំបិល ខេត្តកោះកុង ទៅប្រទេស វៀតណាម តាមច្រកដា ខេត្តត្បូងឃ្មុំ។
លោកបានបន្តទៀតថាៈ នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចជំនាញវត្ថុតាងជាក់ ស្តែង រួមមាន រថយន្តមួយគ្រឿង កូនគ្រែង ចំនួន ២៤៥ បាវ (ទំងន់ជាង ១២ តោន) វត្ថុតាងខាងលើ បានប្រគល់ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធី៕/V-PC