ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ទីក្រុងហ្សឺណែវ ជាទីលានអព្យាក្រឹត ដែលធ្លាប់ជាម្ចាស់ផ្ទះសម្រាប់ការចរចាសង្គ្រាមត្រជាក់នោះបានស្វាគមន៍ម្តងទៀតចំពោះមន្ត្រីរុស្ស៊ីនិងអាម៉េរិកដើម្បីពិភាក្សាអំពីមីស៊ីល អាវុធនុយក្លេអ៊ែរ និងប្លុកឥទ្ធិពលរបស់គ្នានៅមុនលទ្ធភាពផ្ទុះជម្លោះនឹងគ្នា។
វាមានកំសួលខ្លាំងក្លាដូចការប្រទាញប្រទង់រវាងមហាអំណាចលោកខាងកើតនិងលោកខាងលិចនាសតវត្សរ៍ទី ២០ នៅក្នុងរដ្ឋធានីរបស់ស្វ៊ីសដែលជាការរំលេចឱ្យឃើញឡើងវិញនាសម័យកាលដ៏តានតឹងរវាងសង្គ្រាមលោកលើកទី ២ និងការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ នៅពេលដែលជោគវាសនារបស់ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះមរណៈ។
ជំរំគូប្រជែងទាំងពីរចាប់ផ្តើមធ្វើការប្រៀបធៀបខ្លួនឯងដោយបើកចំហ បើទោះបីជាអ្នកសង្កេតការណ៍កត់សម្គាល់ឃើញពីភាពខុសគ្នាសំខាន់ៗក៏ដោយ។
លោក ឌីមីទ្រី ប៉ូលីយ៉ានស្គី (Dmitri Polyansky)ជាឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបាននិយាយកាលពីខែមុនថា “អ្វីដែលយើងមាននៅពេលនេះគឺយើងកំពុងមានប្រភេទនៃសង្គ្រាមត្រជាក់ឡើងវិញ ពោលគឺសង្គ្រាមត្រជាក់ ២.០”។
នៅទីក្រុងបែរឡាំង ជាទីក្រុងធ្លាប់ខ័ណ្ឌចែកដោយជញ្ជាំងដែលបានក្លាយជានិមិត្តរូបនៃសង្គ្រាមត្រជាក់ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលលោកខាងលិចបារម្ភអាចកើតឡើងនៅពេលណាមួយនោះ នឹងនាំពិភពលោកត្រឡប់ទៅរកពេលវេលាមួយ”នៅពេលដែលទ្វីបនេះនិងទីក្រុងនេះត្រូវបានខ័ណ្ឌចែកជាពីរ…ជាមួយនឹងការគំរាមកំហែងនៃសង្គ្រាមពេញទំហឹងស្ថិតក្នុងចិត្តមនុស្សគ្រប់គ្នា”។
– ការអនុវត្តនយោបាយគ្រោះថ្នាក់
ភាពស្រដៀងគ្នាគឺកំពុងកើតឡើងហើយ។
ជាបឋមគឺការខ័ណ្ឌចែកភូមិសាស្ត្រគឺដូចគ្នាបេះបិទ ដោយទីក្រុងមូស្គូប្រឈមមុខជាមួយលោកខាងលិច។
យោធាផងដែរ ជាថ្មីម្តងទៀតគឺមានហានិភ័យផ្ទុះជាជម្លោះក្នុងតំបន់ ដែលការប្រយុទ្ធគ្នាដោយកងកម្លាំងប្រូកស៊ី(តំណាង)អាចបង្កើតទៅជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងមហាអំណាចធំៗ។
ហើយដូចក្នុងសម័យពុះកញ្ជ្រោលបំផុតនៃសង្គ្រាមត្រជាក់ មហាអំណាចទាំងពីរបានប្រមូលផ្តុំសម្ពន្ធមិត្តនិងការពារតំបន់ឥទ្ធិពលរបស់ពួកគេរៀងៗខ្លួន។
ខណៈអាម៉េរិកសង្ស័យថារុស្ស៊ីចង់ប្រើប្រាស់បេឡារូសជាមូលដ្ឋានក្រោយផ្ទះសម្រាប់លទ្ធភាពវាយលុកលើអ៊ុយក្រែនអង្គការណាតូដែលជាសម្ពន្ធមិត្តឆ្លងសមុទ្រអាត្លង់ទិកដែលសហរដ្ឋអាម៉េរិកថ្មីៗនេះបានព្យាយាមបង្វែរទិសដៅឆ្ពោះទៅរកចិន បានរកហេតុផលសំខាន់របស់ខ្លួនឡើងវិញតាំងពីពេលបង្កើតអង្គការនេះឡើងក្នុងឆ្នាំ ១៩៤៩គឺការពារអឺរ៉ុបដែលមិនមែនជាសូវៀតពីលទ្ធភាពវាយប្រហារដោយទីក្រុងមូស្គូ។
លោកស្រី សារ៉ា ក្រេប (Sarah Kreps) ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យខ័រនែល (Cornell) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីនដែលជាអតីតមន្ត្រីចារកម្ម KGB កំពុងអនុវត្ត “នយោបាយគ្រោះថ្នាក់យកស្ទីលតាមសម័យសង្គ្រាមត្រជាក់ ការគំរាមកំហែង និងការបំភិតបំភ័យ ក្នុងគោលបំណងឱ្យគេមើលទៅពូទីនជាបុរសខ្លាំង”។
រាប់ចាប់ពីទីតាំងនៃកិច្ចចរចារហូតដល់វាក្យសព្ទដែលបានប្រើនិងបញ្ហានៅលើតុចរចា វាគឺមានអារម្មណ៍ដូចសម័យសង្គ្រាមត្រជាក់យ៉ាងអ៊ីចឹងនៅពេលដែលភាគីទាំងពីរហៀបនឹងដាក់ពង្រាយមីស៊ីលនិងកងទ័ពនៅមាត់ទ្វារនៃប្លុកទល់មុខគ្នាទាំងពីរនេះ៕
រដ្ឋមន្ត្រីការបរទេសអាម៉េរិក អានថូនី ប្លីងកិនចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺហ្គេ ឡាវរ៉ូវ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី២១មករា២០២២