​ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: អាជ្ញាធរ មន្ត្រីរាជការ ជាមួយ​ប្រជាពលរដ្ឋ ក្នុង​ខេត្តបាត់ដំបង រួមគ្នា​ដង្ហែ​ពានរង្វាន់​ជ័យលាភី ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន បំផុសគំនិត​ដល់​អ្នក​ជំនាន់ ក្រោយ អោយ​ស្រឡាញ់​បរិស្ថាន មូលដ្ឋាន​ល្អ ទីក្រុង​ស្អាត​។​

​ក្នុង​ពិធី​នៅ​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០២២ នេះ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បានលើកឡើង​ថាៈ ផ្តើមចេញពី​ភាពជោគជ័យ ដែល​ទទួលបាន នាពេលនេះ វា​ជា​មោទនភាព របស់​ខេត្តបាត់ដំបង និង​របស់​ប្រជាជន ទូទាំង​ខេត្តបាត់ដំបង​ទាំងមូល ពានរង្វាន់​នេះ គឺជា​របស់​យើងទាំងអស់គ្នា ដូចនេះ យើង​ត្រូវ​រួមគ្នា ដើម្បី​រក្សា​តំណែង ជ័យលាភី ពានរង្វាន់​ខាងលើ ធ្វើយ៉ាងណា​ឱ្យ​ទីក្រុង​យើង មាន​សោភ័ណភាព ភាពស្រស់ស្អាត បរិស្ថាន​ល្អ ទុកជា​គំរូ និង​បង្ហាញ​ដល់​កូនចៅ អ្នក​បន្តវេន​ក្រោយៗ​ទៀត​។​

​តាមរយៈ​មន្ទីរ​ទេសច​រណ៍​ខេត្ត នៅ​ថ្ងៃទី​១ – ២ ខែមករា ឆ្នាំ​២០២២ កន្លងមក គណៈកម្មាធិការ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត បាន​ចុះមក​វាយតម្លៃ ក្រុង​បាត់ដំបង លើ​វិញ្ញាសា​ប្រឡងប្រណាំង ទីក្រុង​ស្អាត​កម្ពុជា លើក​ទី​៣ ដូចនេះ យើង​ត្រូវ​បន្ត​រួមគ្នា ដើម្បី​ក្រុង​បាត់ដំបង រក្សា​អោយបាន​នូវ​ជ័យលាភី ទីក្រុង​ស្អាត​ផ្ការំដួល ៣ ទង ជា​លើក​ទី​៣​បន្ត​។​

​ជាមួយគ្នានេះ លោក សុខ លូ បាន​អំពាវនាវ​ដល់ គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​បងប្អូន ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តបាត់ដំបង ត្រូវ​រួមគ្នា​បន្ថែមទៀត រក្សា​នូវ​អនាម័យ លើកកម្ពស់ បរិស្ថាន​ក្នុង​សហគមន៍ ទីក្រុង ក៏ដូចជា ខេត្ត​របស់​យើង​ទាំងមូល ចូលរួម​ជាមួយ​អាជ្ញាធរ​ក្រុង ខេត្ត ដោះស្រាយ​បញ្ហា​សណ្តាប់ធ្នាប់ តាម​ទីផ្សារ ឬ​ទីសាធារណៈ​នានា ចូលរួម​រៀបចំ សោភ័ណភាព​លំនៅដ្ឋាន ក្នុង​ក្រុង​អោយ​ស័ក្តិ​សមជា​ទីក្រុង បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទីក្រុង​ទេសចរណ៍ ប្រកបដោយ​ភាព​វៃឆ្លាត ទន្ទឹមនេះ ក៏​ចាំបាច់​ត្រូវ​រួមគ្នា រក្សា​ដី​ចំណីផ្លូវ តាម​មុខផ្ទះ សម្រាប់​ជា​ផ្លូវ​ថ្មើរជើង រួមទាំង​ដោះស្រាយ​សំណង់​បណ្ដោះអាសន្ន​ទាំងអស់ នៅតាម​ទីតាំង​ដី​សាធារណៈ​របស់​រដ្ឋ ដូចជា ចំណី​ស្ទឹង ប្រឡាយ​រំដោះ​ទឹក ចិញ្ចើមផ្លូវ​ជាដើម លើសពីនេះ គ្រប់ៗ​គ្នា គប្បី​ពង្រឹង​ការ​ដុះ​ដើមឈើ តាម​បណ្តា​ផ្លូវ​នានា​ក្នុង​ក្រុង ឬ​ទីប្រជុំជន ឲ្យ​កាន់​តែមាន​ភាពស្រស់​បំព្រង ស្រូបយក​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ឱ​កាន់តែច្រើន ថែមទៀត​៕/V​