ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញៈ នា​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២២ លោក អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា វ៉ូ​វី​ណា​ម​កម្ពុជា និង​លោក ទុយ ប៊ុន​ហឿន អនុប្រធាននាយកដ្ឋាន អប់រំ​កាយ និង​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង កីឡា បាន​ចូលរួម​ជា​កិត្តិយស ក្នុង​ពិធី​បិទ វគ្គ​បណ្ដុះបណ្ដាល ចៅក្រម និង​អាជ្ញាកណ្តាល កីឡា​វ៉ូ​វី​ណា​ម កម្រិត “​ក​” នៅ​ទីស្នាក់ការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​។ វគ្គ​នេះ បានធ្វើ​ឡើង​ដោយ​ប្រើប្រាស់ ថវិកា​ឧបត្ថម្ភ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក សំ សុខ​យី អនុប្រធាន​សហព័ន្ធ និង​ប្រធាន គ្រប់គ្រង​វគ្គ បាន​រាយការណ៍​ថាៈ វគ្គ​បណ្តុះបណ្តាល ស្តីពី​ចៅក្រម និង​អាជ្ញាកណ្តាល ឆ្នាំ​២០២១ ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ សមាសភាព​សិក្ខាកាម ចូលរួម​មាន ២៥ នាក់ ក្នុងនោះ​នារី ៦​នាក់ មកពី​តាម​បណ្តា​ខេត្ត​នានា ចំនួន ១០ រួមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្ត​ប៉ៃលិន ខេត្តកំពត និង​បណ្តា​ក្លិប​កីឡា​វ៉ូ​វី​ណា​ម មួយចំនួន ជា​សមាជិក​របស់​សហ​ព័ន្ធ​។​

​វគ្គ​នេះ មាន​កិត្តិយស​អញ្ជើញ​គ្រូឧទ្ទេស ជា​ជនជាតិ​វៀតណាម គឺ​លោក Master Nguyen Van Coung ជា​គ្រូបង្វឹក​ជាប់កិច្ចសន្យា បង្ហាត់​ក្រុម​ជម្រើសជាតិ ជា​គ្រូឧទ្ទេស លោក ទេព ជីវ​សុខុម គ្រូ​ជំនួយ​បង្ហាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា ជា​គ្រូឧទ្ទេស លោកស្រី ប៉ាល់ ឆរ​ស្មី កីឡាការិនី​ជម្រើសជាតិ វ៉ូ​វី​ណា​ម ជា​អ្នកបកប្រែ​បច្ចេកទេស​។​

​លោក អ៊ូ រតនា បាន​មានប្រសាសន៍ថាៈ ចំពោះ​វគ្គ​បណ្តុះបណ្តាល​នេះ ពិតជា​មាន សារសំខាន់​ណាស់ ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព ធនធានមនុស្ស លើ​ផ្នែក​អាជ្ញាកណ្តាល ចៅក្រម ដើម្បី​យកទៅអនុវត្ត លើ​ទីលាន​ប្រកួត ជាពិសេស សហព័ន្ធ ត្រូវ​បន្ត​ជំរុញ​អភិវឌ្ឍន៍ សមត្ថភាព​ពួកគាត់ ឆ្ពោះ​ទៅជា​អាជ្ញាកណ្តាល​-​ចៅក្រម កម្រិត​អន្តរជាតិ ដើម្បី​ចូលរួម​ដឹកនាំ ការប្រកួត​កីឡា​SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹង​ទទួល​ធ្វើជា ម្ចាស់ផ្ទះ​។​

​វគ្គ​នេះ​ជា​ចំណុច​នៃ​ការពង្រឹង​សមត្ថភាព​ចៅក្រម និង​អាជ្ញាកណ្តាល ត្រៀម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២១ ដែល​ប្រ​ព្រឹ​តិ្ត ចាប់ពី​ថ្ងៃទី ២៤ ដល់​ថ្ង​ទី​២៦ ខែមករា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់ កីឡា​កា​រ៉ា​តេ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំង​ដើម្បី​ជ្រើសរើស​ចៅក្រម និង​អាជ្ញាកណ្តាល ២ រូប តំណាង​ឲ្យ​ប្រទេស​កម្ពុជា ចូលរួម​ធ្វើ​ចៅក្រម និង​អាជ្ញាកណ្តាល កម្រិត​អន្តរជាតិ សម្រាប់​ការប្រកួត​កីឡា SEA GAMES លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស វៀតណាម​៕/V​