ដោយៈ សាតចាន់បុត្រ / មណ្ឌលគិរីៈ ដុតស្មៅ ភ្លេចមើលត្រាក់ទ័ខូច ឆេះទាំងត្រាក់អស់ ១ គ្រឿង ម្ចាស់ត្រាក់ទ័រ អោយសងជាង ១ ម៉ឺនដុល្លារ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២ នៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ច បានឱ្យដឹងថាៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក បានទទួលពាក្យបណ្ដឹង ពីឈ្មោះ ភិន ទីន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មកស្នាក់នៅ បណ្ដោះអាសន្ន ក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បុរសម្នាក់នេះ បានមកប្តឹងម្ចាស់ចំការ ដែលបានដុតគំនរព្រៃ និងស្មៅ បណ្ដាលឱ្យភ្លើងឆេះ ត្រាក់ទ័រភ្ជួរដី ចំនួន ១ គ្រឿងរបស់គាត់។
ដើមហេតុដំបូងគឺ ម្ចាស់ចំការ ឈ្មោះ រិទ្ធ ទិត្យ ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ នៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានជួលគ្រឿងចក្រ ដែលមានម្ចាស់ឈ្មោះ ភីន ទីន ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អោយទៅឈួសឆាយដីចំការរបស់ខ្លួន ហើយ ភ្ជួរដីដើម្បីដាំដំឡូងមី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២។
នៅពេលឈូសឆាយដី ជិតរួចហើយ ត្រាក់ទ័រ ក៏បានខូច (ឆេះដុំភ្លើង) ។ ម្ចាស់ត្រាក់ទ័រ (ឈ្មោះ ភីន ទីន) ក៏បានដោះយកដុំភ្លើង ទៅជួសជុល ។ ចំណែកម្ចាស់ចំការ (ឈ្មោះ រិទ្ធ ទិត្យ)ក៏បានដុតគំនរព្រៃ និងស្មៅ ដែលត្រាក់ទ័រ បានឈូស ប្រមូលនៅជិតត្រាក់ទ័រ ដែលខូច ហើយក៏មិនបាននៅមើលភ្លើង ដែលខ្លួនបានដុតនោះទេ។
លុះមកដល់វេលាម៉ោង ១៤ និង៣០ នាទី នាថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២២ ម្ចាស់ ត្រាក់ទ័រ ឈ្មោះ ភីន ទីន បានត្រឡប់ទៅមើលត្រាក់ទ័រនោះ ហើយក៏បានឃើញភ្លើង ឆេះត្រាក់ទ័រ របស់ខ្លួន អស់បាត់ទៅហើយ ។
ក្រោយមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញមានភ្លើងឆេះត្រាក់ទ័រ និងខូចខាតអស់ ពិតប្រាកដមែន។
បច្ចុប្បន្ន ម្ចាស់ត្រាក់ទ័រ បានសំណូមពរ អោយម្ចាស់ចំការ ចេញសងថ្លៃត្រាក់ទ័រ ចំនួន ១៣.០០០ ដុល្លារ តែបើគ្មានលុយសងទេនោះ សុំសងជាដីចំការ ក៏បានដែរ៕/V