ដោយៈ គង់ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវឱ្យ លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យទាំងអស់ បន្តអនុវត្តគោលការណ៍ អប់រំមូលដ្ឋាន និងខ្លឹមសារវប្បធម៌សន្តិភាព ឱ្យជ្រួតជ្រាបដល់ សិស្ស និស្សិតគ្រប់រូប ឱ្យតែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយការរីកចម្រើន លើគ្រប់វិស័យ។
លោកអភិបាលខេត្តកំពង់ចាម បានសំណូមពរបែបនេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញចូលរួម ពិធីបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១-២០២២ និងចែកប័ណ្ណសរសើរ ជូននិស្សិត បុគ្គលិក សាស្ត្រាចារ្យ នៅសាខាសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៣ មករា នេះ។
លោក អ៊ុន ចាន់ដា បានថ្លែងដូច្នេះថាៈ ដោយហេតុថា ការកសាងវប្បធម៌សន្តិភាព និងការអប់រំ វប្បធម៌សន្តិភាព គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តម របស់បុគ្គលិកសិក្សា ក្រុមគ្រួសារ និងសង្គមទាំងមូល ដោយឈរលើមូលដ្ឋាន នៃការបណ្តុះបណ្តាល គុណធម៌ និងឥរិយាបថ ដែលឆ្លុះបញ្ចាំងពី ការគោរពជីវិត ការគោរពមនុស្សជាតិ និងសិទ្ធិមនុស្ស ការគោរព គោលការណ៍ច្បាប់ គោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ ដោយប្រឆាំងនឹង អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ។
លោកបានបន្ថែមថាៈ ពិតណាស់ ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ ការបណ្តុះបណ្តាល គ្រឹះស្ថានអប់រំ ដែលមានលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ជាអ្នកសម្រេច អនាគត របស់សិស្ស និស្សិត ជាឪពុកម្តាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ ក្រោយ៕/V