ដោយៈ វ៉ៃកូ / ស្វាយរៀងៈ បុរសម្នាក់ ជាអ្នកបើកបរ រថយន្តកុងតឺន័រ ត្រូវទូកុងតឺន័រគាបបែកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង នៅពេលបុរសនោះ បានចូលទៅរុញ ទូកុងតឺន័រ ដែលស្ទូចលើកដាក់លើរថយន្ត។
បើតាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថាៈ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅក្នុងទីធ្លាច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវ័ល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។
ប្រភពបានបន្តទៀតថាៈ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ឈ្មោះ ចូច បើករថយន្ត ម៉ាក ហ្វុ៊យសូ (FUSO) ពាក់ស្លាកលេខ កំពង់ធំ 3A -1421 ពណ៌ស សណ្តោងរ៉ឺម៉ក ទៅកន្លែងកើតហេតុ ដើម្បីដឹកទ្រុងកុងតឺន័រ បន្ទាប់មក មានរថយន្តស្ទូច ១គ្រឿង របស់ ក្រុមហ៊ុនផែស្ងួត តេង ឡាយ បានស្ទូចទូកុងតឺន័រ ដាក់លើរថយន្ត ខណៈនោះ ជនរងគ្រោះ ឃើញដាក់មិនចំ ចូលគន្លឹះរ៉ឺម៉ក ក៏ចុះទៅរុញទូកុងតឺន័រ ដើម្បីឲ្យចំគន្លឹះ ស្រាប់តែទូកុងតឺន័រ យោលបោកទៅ លើជនរងគ្រោះ បណ្តាលឲ្យគាបជាប់ក្បាល បណ្តាលឲ្យបែកក្បាល ខ្ទេចមួយចំហៀង ស្លាប់ភ្លាមៗតែម្តង។ បន្ទាប់មក អ្នកបើករថយន្តស្ទូច ក៏រត់គេចខ្លួនបាត់ ភ្លាមៗដែរ។
ប្រភពបានបន្តទៀតថាៈ រហូតដល់ព្រឹកថ្ងៃទី២៣ មករា ២០២២ ទើបឃើញសមត្ថកិច្ច នៃអធិការដ្ឋាននគបាល ស្រុកកំពង់រោទ៌ ចុះទៅកន្លែងកើតហេតុ ហើយដល់ម៉ោង ៨និង៣០ នាទីព្រឹក ថ្ងៃទី២៣ មករា នេះ ទើបឃើញសមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះទៅពិនិត្យធ្វើកោសល្យវិច័យ ផងដែរ មុនពេលប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត ឯខេត្តកំពត ។
ទាក់ទិនករណីនេះដែរ ក្រុមអ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺ ពីសមត្ថកិច្ចបានទេ ដូចជា មានការលាក់បាំង ដោយសមត្ថកិច្ច រុញដាក់គ្នា ហើយឲ្យសួរទៅក្រុមហ៊ុនផែស្ងួត តេង ឡាយ វិញ។
ចំណែកតំណាងក្រុមហ៊ុនផែស្ងួត តេង ឡាយ ដែលមានទូរស័ព្ទលេខ ០១២ ៨៩០ ៥៣៨ បានឲ្យទាក់ទងទៅលេខទូរស័ព្ទលេខ ០១២ ៦១៥ ៦៦៦ ប្រចាំការនៅច្រកទ្វារព្រំដែន អន្តរជាតិព្រៃវ័ល្លិ៍ បែរជាសួរវិញថា បានលេខទូរស័ព្ទខ្ញុំពីណា បន្ទាប់មក ក៏បិទទូរស័ព្ទ។
ចំណែកលោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៌ បានបានប្រាប់ក្រុមអ្នក សារព័ត៌មាន តាមទូរស័ព្ទ លេខ ០៩៧ ៦៧៧ ៤៨០០ ថាៈ ឲ្យសួរទៅខាងមន្ត្រីជំនាញ វិញ៕/V