ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នារសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ បានអញ្ជើញជា អធិបតីក្នុងពិធី ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស និទ្ទេស A ចំនួន ២៦នាក់ ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំធំ សាលាខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះ លោកស្រី បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល នូវក្តីនឹករលឹក និងការគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋ និងចៅៗ នាពេលនេះ ។
លោកស្រី ក៏បានស្វាគមន៍ និងមានមោទនភាព ជ័យលាភីចំពោះសិស្សនិទ្ទេស A ទាំងអស់ និងអបអរសារទ ចំពោះសិស្សានុសិស្ស ទាំង ២.៥១៦ នាក់ ដែលបានប្រឡងជាប់ នៅក្នុង ឆ្នាំសិក្សា ២០២០-២០២១ នេះ ។ លទ្ធផលដែលបានទទួលថ្ងៃនេះ គឺដោយសារតែ មានចំណែកការខិតខំរបស់សិស្ស មាតាបិតា និងរបស់លោក អ្នកគ្រូ និងការធ្វើកំណែទម្រង់ របស់រដ្ឋាភិបាល លើវិស័យអប់រំ ។
លោកស្រីក៏បានអំពាវនាវឱ្យបន្តការខិតខំតទៅទៀត ទាំងសិស្ស ប្រឡងជាប់ ទាំងសិស្ស ប្រឡងមិនជាប់។ សិស្សប្រឡងជាប់ ត្រូវបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកការសិក្សា ខ្ពស់ជាង។ ចំណែកឯអ្នក ដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្ត ដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស។
សិស្សនិទ្ទេស A ទាំង២៦នាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូ មួយគ្រឿង ចំណែកឯស្លាកលេខ និងមួកសុវត្ថិភាព ត្រូវបានផ្តល់ជូន ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង និងថវិកា ១០ ម៉ឺនរៀល ឧបត្ថម្ភដល់ការិយាល័យ អប់រំស្រុក ៧ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០ ម៉ឺនរៀល និងនាយកសាលាទាំង ១១ ដែលមានសិស្ស ជ័យលាភី ក្នុងម្នាក់ៗ ទទួលបានថវិកា ១០ ម៉ឺនរៀលផងដែរ៕/V