ដោយៈសុផល/ភ្នំពេញ ៖ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅនិងបិទបញ្ចប់ដោយជោគជ័យត្រចះត្រចង់ ខណៈប្រតិភូ អ្នកលក់ អ្នកទិញ និងសារព័ត៌មានជាតិ-អន្តរជាតិដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធតែបានធ្វើតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់គ្នា។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីថ្ងៃទី២៣ ខែមករាថា៖ចំពោះការងារគ្រប់គ្រងសុវត្ថិភាពនិងសុខភាពភ្ញៀវ គិតមកត្រឹមថ្ងៃទី២២ ខែមករា គណៈប្រតិភូដែលចូលរួមប្រជុំទាំងអស់បានត្រឡប់ទៅដល់មាតុប្រទេសរៀងខ្លួនវិញអស់ហើយ ដោយការធ្វើតេស្ត PCR មុនចេញដំណើរពីក្រុងព្រះសីហនុ មិនឃើញមានករណីវិជ្ជមានកូវីដ១៩លើជនណាម្នាក់ទេ។ប្រតិភូអន្តរជាតិខ្លះបានផ្ញើសារមកសម្តែងការកោតសរសើរចំពោះការរៀបចំវេទិកាទេសចរណ៍អាស៊ាន (ATF 2022) និងអរគុណចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជា។

ដោយឡែក ក្រុមជនបរទេសដែលចូលរួមពិព័រណ៍មួយចំនួននៃវេទិកា ATF 2022 បានបន្តដើរលេងកម្សាន្តតាមកោះនានានៃខេត្តព្រះសីហនុ ខ្លះដើរលេងនៅរាជធានីភ្នំពេញ និងខ្លះទៀតបានទៅដើរលេងនៅសៀមរាប-អង្គរ (ធ្វើដំណើរតាមរថយន្ត)។ចំណែកក្រុមជនបរទេសដែលនៅបន្តដើរលេងក្រោយគេនោះ គឺបានចាកចេញពីកម្ពុជាអស់ហើយ បន្ទាប់ពីពួកគេបានធ្វើតេស្ត PCR អវិជ្ជមាន នៅសល់តែខាងសារព័ត៌មានអន្តរជាតិ២នាក់ មកពីសហរដ្ឋអាមេរិកម្នាក់ និងមកពីប្រទេសអៀរឡង់ម្នាក់ ដែលពួកគេស្នើសុំនៅបន្តដើរលេងនៅរាជធានីភ្នំពេញ។

លោក ថោង ខុន បានបញ្ជាក់បន្តទៀតថា «ក្រសួងទេសចរណ៍នឹងផ្សព្វផ្សាយព័ត៌មានដ៏ល្អនេះទៅកាន់តំបន់ និងពិភពលោក ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍សុវត្ថិភាពនៅក្នុងប្រទេស ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកទេសចរណ៍អាស៊ាន បន្ទាប់ពីវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ក៏ដូចជានៅក្នុងប្រទេសឡើងវិញ»។

គួរជម្រាបថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សហគមន៍អន្តរជាតិ មានដូចជាអគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អង្គការទេសចរណ៍ពិភពលោក (UNTWO) ក្លឹបឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោក ស្ថានទូតនៃបណ្ដាប្រទេសនានា ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២នេះ។ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា សហគមន៍អន្តរជាតិខាងលើបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងហ្មត់ចត់និងការការពារសុខមាលភាពប្រជាជនទូទាំងប្រទេស ដែលបានធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ ATF 2022 ប្រព្រឹត្តទៅយ៉ាងមានសុវត្ថិភាព ពិសេសគឺមានការយកចិត្តទុកដាក់ចំពោះអ្នកចូលរួមយ៉ាងកក់ក្ដៅ។

លោកបានបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំ។លើសពីនេះព្រឹត្តិការណ៍ATF2022នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន៕សរន