ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ អ្វី​ដែលជា​រឿង​ខ្វល់ខ្វាយ​ធំ​ជាង​គឺ​ការអភិវឌ្ឍន៍​នូវ​សមត្ថភាព​កីឡាករ កីឡាការិនី​ប៉ុណ្ណោះ ដោយ​ពួកគេ​ត្រូវតែ​សម្រុក​ការហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ខណៈពេល​វេលា​កាន់តែ​ខ្លី​ទៅ​។​

​នេះ​ជាការ​លើកឡើង​របស់លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២ (CAMSOC) និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ថ្លែង​ក្នុងឱកាស​បិទ​ការប្រកួត​ចំបាប់​ជើងឯក​ជាតិ​ឆ្នាំ​២០២១ នា​ល្ងាច​ថ្ងៃទី​២៣ មករា​។

​លោក​បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ការរៀបចំ ការទទួល​បដិសណ្ឋារកិច្ច​ត្រៀម​ឆ្ពោះទៅ ស៊ី​ហ្គេម ឆ្នាំ​២០២៣ មិនមាន​អ្វីដែល​ជាការ​ព្រួយបារម្ភ​នោះឡើយ​។ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ហើយ​បើ​គិតពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ប្រកួត​នៅសល់តែ​ជាង​៤០០​ថ្ងៃ​ប៉ុណ្ណោះ ដោយ​វេលា​កាន់តែ​ខ្លីៗ​ទៅនេះ គឺជា​ក្តីបារម្ភ​ច្រើន​ក្នុងការ​អភិវឌ្ឍ​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​។​​ដោយឡែក​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​កា​រៀបចំ​ទីលាន​ប្រកួត​ត្រូវ​បានរៀបចំ​បាន​ជាង​៩០​ភាគរយ​ហើយ​ខណៈ​ការរៀបចំ​ការទទួល​ប​ដិ​ស​ណ្ឋា​រ​កិច្ច​មិនមាន​អ្វី​ជា​ក្តីបារម្ភ​នោះទេ​ដោយសារ​កម្ពុជា​ធ្លាប់​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ជាច្រើន​បានល្អ​ប្រសើរ​និង​ទទួលបាន​ការកោតសរសើ​រ​ពី​អន្តរជាតិ​។​

​លោក​សង្កត់ធ្ងន់ថា​យើង​ខ្វល់ខ្វាយ​ជាងគេ​គឺ​លើ​សមត្ថភាព​កីឡាករ​កីឡាការិនី​ដោយសារ​ពេលវេលា​កាន់​ខ្លី​មានការ​លំបាក​ក្នុង​ការកសាង​សមត្ថភាព​មនុស្ស​ឲ្យ​ខ្លាំងពូកែ​។ អ៊ីចឹង​ទេ​មានតែ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​កីឡាការិនី​លោកគ្រូ​អ្នកគ្រូ​និង​មន្ត្រី​បច្ចេកទេស​របស់​យើងទាំងអស់គ្នា​ត្រូវ​ប្រឹងប្រែង​និង​ប្រើប្រាស់​ពេលវេលា​ខ្លី​នេះ​ឲ្យ​មានន័យ​បំផុត​ក្នុងការ​រុញ​បច្ចេកទេស​និង​គុណ​ផល​កីឡា​របស់​យើង​ឲ្យ​ឈានដល់​កម្រិត​ខ្ពស់​ដើម្បី​ជា​ក្តីសង្ឃឹម​ក្នុងការ​ស្វែងរក​នូវ​ប្រៀប​ឈ្នះ​និង​ឧត្តមភាព​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​នេះ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក វ៉ា​ត់ ចំរើន​។​

​ចាប់ពីពេលនេះ​តទៅ​សូម​កីឡាករ កីឡាការិនី ដែលជា​តួឯក​ត្រូវ​សម្រួច​ការហ្វឹកហាត់​ឲ្យ​បាន​គត់មត់ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ហើយ​ថ្នាក់ដឹកនាំ​នឹង​ឈរ​នៅ​ពីក្រោយ ដើម្បី​ផ្តល់​កម្លាំងចិត្ត ការឧបត្ថម្ភ​គាំទ្រ​ជំរុញ​ឲ្យ​កីឡាករ កីឡាការិនី ឈានទៅរក​គោលដៅ​នៃ​វេទិកា​កិត្តិយស​ដែល​កីឡាករ​កីឡាការិនី​គ្រប់ៗ​រូប​ត្រូវ​ក្តាប់​យក​ឱកាស​កិត្តិយស​នេះ​ឲ្យ​បាន​។​ហេតុនេះ​ប្រភេទ​កីឡា​ចំបាប់​កម្ពុជា​ត្រូវតែ​អភិវឌ្ឍ​ឲ្យ​កាន់​តែមាន​សក្តានុពល​ប​ន្ថែ​ម​ទៀត​។​

​ផែនការ​សហព័ន្ធ​ចំបាប់​គឺ​ក្រុម​ជម្រើសជាតិ​កីឡា​ចំបាប់​ត្រៀម​ចេញទៅ​បោះ​ជ​ម្រំ​ហ្វឹកហាត់​នៅ​ប្រទេស​អ៊ីរ៉ង់​នា​អំឡុង​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២២​ដែល​យើង​ដឹង​ហើយ​ថា​ប្រទេស​អ៊ីរ៉ង់​គឺជា​ប្រទេស​កំពូល​មួយ​នៃ​ប្រភេទ​កីឡា​ចំបាប់​នៅលើ​ពិភពលោក​ដោយ​ម្ចាស់​ជើងឯក​ពិភពលោក ប្រមាណ​៦០​ទៅ​៧០​ភាគរយ គឺជា​អត្ត​ព​លិ​ក​អ៊ីរ៉ង់​។​​ក្រុម​ចំបាប់​កម្ពុជា​នឹង​បាន​ទៅ​ស្រូប​នូវ​ភាព​មុត​ស្រួច​ក្នុង​បច្ចេកទេស​នៅ​ទី​នោះបាន​ដោយ​ក្រៅពី​ការហ្វឹកហាត់​ក៏មាន​ការប្រកួត​ក្នុងស្រុក​របស់​អ៊ីរ៉ង់ ដែល​កម្រិត​ប្រកួត​ក្នុងស្រុក​នៅ​ទីនោះ គឺមាន​កម្រិត​ខ្ពស់ជាង​កម្រិត​ស៊ី​ហ្គេម​។​

​លោក​វ៉ា​ត់ ចំរើន​បាន​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក​ជម្រើសជាតិ​ចំបាប់​កម្ពុជា​ដែល​ត្រៀម​ចេញទៅ​បោះជំរុំ​ហ្វឹកហាត់​នៅ​អ៊ីរ៉ង់​ត្រូវ​​មាន​ស្មារតី​និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ស៊ូទ្រាំ​អត់ធ្មត់​ស៊ូទ្រាំ​ការឈឺ​ឆាប់​កាន់តែ​ខ្ពស់​នោះ​ការអភិវឌ្ឍ​បច្ចេកទេស​ក៏​កាន់តែ​លឿន​ទៅតាម​នោះ​ទៀតផង​។​

​ស​ន្ទ​ស្សន៍​មេដាយមាស ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានដាក់​ជា​គោលដៅ សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ លើ​ប្រភេទ​កីឡា​ចំបាប់ គឺ​យ៉ាងតិច​ដណ្តើម​ឲ្យ​បាន​មេដាយមាស​៣​គ្រឿង​។ «​អ្វីដែល​ជាការ​ប្រកួត​ដ៏​សំខាន់​លក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ គឺ​ការប្រកួត​កីឡា​អាស៊ី (Asian Games) នៅ​ទីក្រុង Hangzho ប្រទេស​ចិន ដែលមាន​៤៥​ប្រទេស​ចូលរួម នា​ថ្ងៃទី​១០ ដល់​២៥ ខែកញ្ញា ឆ្នាំ​២០២២​។​ឆ្នាំ​២០២២​នេះ​គឺ​ការហ្វឹកហាត់​និង​ការប្រកួត​អន្តរជាតិ​ឲ្យ​បាន​ច្រើន​ដើម្បី​ជា​ក្តីសង្ឃឹម​ឲ្យ​កាន់តែ​មុតមាំ​ត្រៀម​ដណ្តើម​មេដាយ​ជូន​​ជាតិ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​ហេតុនេះ​សូម​ប្តេជ្ញាចិត្ត​ទាំងអស់គ្នា​ដើម្បី​ឲ្យ​វាសនា​កីឡា​ចំបាប់​កិត្តិយស​ជាតិ​ស្ថិតនៅលើ​ការ​ប្រឹ​ប្រែង​របស់​យើងទាំងអស់គ្នា​។​ភ្លេងជាតិ​កម្ពុជា​នឹង​បន្លឺឡើង​នូវក្នុង​ពិធី​គោរព​ទង់ជាតិ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍​ទាំង​១១​នៅពេលដែល​ក្រុម​ជម្រើស​
​ជាតិ​យើង​ឈានឡើង​ដល់​ការ​ឈ្នះ​មេដាយមាស​៕​