​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖​ក្រសួងការបរទេស​អាម៉េរិក​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​មករា​បាន​បញ្ជា​ឱ្យ​ក្រុមគ្រួសារ​របស់​បុគ្គលិក​អាម៉េរិក​ទាំងអស់​នៅ​ស្ថានទូត​អាម៉េរិក​ក្នុងប្រទេស​អ៊ុ​យក្រែន​​ចាកចេញ​ពី​ប្រទេស​នេះ​ចំពេល​មាន​ការបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​ក្រសួង​បាន​ប្រាប់​បុគ្គលិក​ស្នាក់​នៅ​ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​គៀវ​ថា ពួកគេ​ត្រូវតែ​ចាកចេញ​ពី​ប្រទេស​។ ​ក្រសួង​ក៏​និយាយ​ដែរ​ថា​បុគ្គលិក​ស្ថានទូត​ដែល​មិន​សំខាន់​អាច​ចាកចេញ​ពី​អ៊ុយ​ក្រែន​ដោយ​ការចំណាយ​របស់​រដ្ឋាភិបាល​អាម៉េរិក​។​

រដ្ឋមន្រ្តីការបរទេសអាម៉េរិកបានស្ថិតនៅស្ថានទូតអាម៉េរិកនៅទីក្រុងគៀវកាលពីថ្ងៃ១៩មករា

​ចំណាត់ការ​នេះ​បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​កើន​ឡើង​អំពី​ការបង្កើន​វត្តមាន​យោធា​របស់​រុស្ស៊ី​នៅតាម​ព្រំដែន​អ៊ុយ​ក្រែន​ដែល​មិន​ត្រូវ​បាន​បន្ធូ​រ​បន្ថយ​ក្នុងអំឡុង​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​សុក្រ​​សប្តាហ៍​មុន​រវាង​រដ្ឋមន្ត្រី​ការបរទេស​លោក អ៊ែន​ថូ​នី ប្លីង​កិន និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ ក្នុង​ទីក្រុង​ហ្សឺ​ណែវ​នោះ​។​

​មន្ត្រី​ក្រសួង​ការបរទេស​បាន​សង្កត់ធ្ងន់​ថា ស្ថានទូត​នៅ​ទីក្រុង​គៀវ​នឹង​នៅ​តែ​បើក​ដំណើរការ​ដដែល ហើយ​ថា​ការប្រកាស​នេះ​មិនមែន​ចាត់ទុក​ជា​ការជម្លៀសចេញ​នោះទេ​។ ក្រុមមន្ត្រី​បាន​និយាយថា វិធានការ​នេះ​ស្ថិតក្រោម​ការពិចារណា​មួយ​រយៈ​មកហើយ ហើយ​មិន​ឆ្លុះបញ្ចាំង​ពី​ការបន្ថយ​ការគាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក​ចំពោះ​អ៊ុយ​ក្រែន​នោះទេ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួង​ការបរទេស​បាន​កត់សម្គាល់​នូវ​របាយការណ៍​ថ្មីៗ​ថា រុស្ស៊ី​កំពុង​រៀបចំ​ផែនការ​សកម្មភាព​យោធា​ដ៏​សំខាន់​ប្រឆាំងនឹង​អ៊ុ​យក្រែន​។ ទោះយ៉ាងណា​ក្រសួងការបរទេស​រុស្ស៊ី​​បាន​ចោទប្រកាន់​ប្រទេស​ណា​តូ​ថា​កំពុង​បង្កើន​ភាព​តានតឹង​ជុំវិញ​អ៊ុយ​ក្រែន​ជាមួយនឹង​ព័ត៌មាន​មិ​ន​ពិត​។​

​ក្រសួងការបរទេស​អាម៉េរិ​ក​បាន​បន្ថែមថា “​លក្ខខណ្ឌ​សន្តិសុខ ជាពិសេស​នៅ​តាម​ព្រំដែន​របស់​អ៊ុ​យក្រែន នៅ​តំបន់​គ្រី​មេដែល​កាន់កាប់​ដោយ​រុស្ស៊ី និង​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី គឺ​មិន​អាច​ទាយ​ទុក​ជាមុន​បានទេ និង​អាច​កាន់តែ​យ៉ាប់យ៉ឺន​ក្នុងពេល​តែ​មួយ​ប៉ព្រិចភ្នែក​។ ការ​ធ្វើ​បាតុកម្ម ដែល​ប្រែជា​អំពើហិង្សា​យូរៗ​ម្តង បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែន​រួម​ទាំង​នៅ​ទីក្រុង​​គៀ​វ​។​

​ការណែនាំ​អំពី​ការធ្វើដំណើរ​របស់​ក្រសួង ដែល​ព្រមាន​ប្រឆាំង​នឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ុ​យក្រែន ដោយសារ​តែ​កូវី​ដ​១៩ ក៏ដូចជា​ភាព​តានតឹង​ជុំវិញ​បញ្ហា​រុស្ស៊ី ត្រូវបាន​ផ្លាស់ប្តូរ​កាលពី​ថ្ងៃអាទិត្យ ដោយ​ប្រែ​ទៅ​ជា​ការព្រមាន​កាន់តែ​ខ្លាំង​ឡើង​។​

​ក្រសួង​បាន​ណែនាំ​ថា “​កុំ​ធ្វើ​ដំណើរ​ទៅ​អ៊ុ​យក្រែន ដោយសារតែ​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​នៃ​សកម្មភាព​យោធា​រុស្ស៊ី និង​កូវី​ដ​១៩​។ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ក្នុងប្រទេស​អ៊ុយ​ក្រែន​ដោយសារតែ​​ឧក្រិដ្ឋកម្ម​និង​ចលាចល​ស៊ីវិល​។ តំបន់​ខ្លះ​មាន​ហានិភ័យ​កើនឡើង​ខ្ពស់​”​។​

​ការណែនាំ​អំពី​ការ​ធ្វើ​ដំណើរ​សម្រាប់​រុស្ស៊ី​ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ផងដែរ ៖ “​កុំ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី ដោយសារ​ភាព​តានតឹង​ដែល​កំពុង​បន្ត​នៅតាម​ព្រំដែន​ជាមួយ​អ៊ុ​យក្រែន លទ្ធភាព​នៃ​ការយាយី​​ប្រឆាំង​នឹង​ពលរដ្ឋ​អាម៉េរិក សមត្ថភាព​មាន​កម្រិត​របស់​ស្ថានទូត​ក្នុង​ការជួយ​ពលរដ្ឋ​អាម៉េរិក​នៅក្នុង​ប្រទេស​រុស្ស៊ី កូវី​ដ​១៩ និង ការ​រឹតបន្តឹង​ការចូល អំពើ​ភេរវកម្ម​ការយាយី​ដោយ​មន្ត្រី​សន្តិសុខ​​រដ្ឋាភិបាល​រុស្ស៊ី និង​ការអនុវត្ត​ច្បាប់​ក្នុងស្រុក​ដោយ​បំពាន​”​។​

​ក្រសួងការបរទេស​មិន​និយាយ​ថា​តើ​មាន​ជនជាតិ​អាម៉េរិក​ប៉ុន្មាន​នាក់​ដែល​ខ្លួន​ជឿ​ថា​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅក្នុង​អ៊ុយ​ក្រែន​នោះទេ​។ ពលរដ្ឋ​អាម៉េរិក​មិន​តម្រូវ​ឱ្យ​ចុះឈ្មោះ​ជាមួយ​ស្ថានទូត​នោះទេ នៅ​ពេល​ពួកគេ​មក​ដល់​ឬ​មាន​គម្រោង​ស្នាក់​នៅ​ក្រៅ​ប្រទេស​សម្រាប់​រយៈពេល​យូរ​៕

ទាហាន​អ៊ុយ​ក្រែន​កំពុង​ហ្វឹកហាត់​ការពារ​ទីក្រុង​គៀវ​នៅ​ឧទ្យាន​មួយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២២​មករា​២០២២