ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ ស្រី្តម្នាក់ បានស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីប្ដីរបស់គាត់ បានយកកាំបិតចិតបន្លែ ចាក់ចំដើមទ្រូង នៅក្នុងហាង យីហោ ” អាណាចក្រ ម្ហូបខែ្មរ ហៅ រាត្រី អាំងឆ័រ” ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៤២នាទី ទៀបភ្លឺ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលមូលដ្ឋាន សង្កាត់ច្បារមន បានឲ្យដឹងថាៈ ស្ត្រីដែលត្រូវប្តីយកកាំបិតចិតបន្លែ ចាក់ បណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មានឈ្មោះ ទឹម ស្រីនី អាយុ ២២ ឆ្នាំ រស់នៅភូមិរន្ទះ (ខេត្តតាកែវ) មានមុខរបរ ស្ត្រីបំរើការក្នុងហាង ខាងលើ ។
ចំណែក ជនសង្ស័យជាប្តី មានឈ្មោះ បោ៉ក ធឿន អាយុ ២៨ ឆ្នាំ នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ មូលហេតុជនរងគ្រោះ និងជនបង្ក បានឈ្លោះប្រកែកគ្នា ដោយសាររឿងប្រច័ណ្ឌប្ដី ក្រោយមក ក៏មានការឈ្លោះប្រកែក ប្រតាយប្រតប់គ្នា ហើយ ក៏ត្រូវបានជនសង្ស័យ ជាប្តីចាក់ប្រពន្ធ មួយកាំបិត ចំដើមទ្រូង ខាងឆ្វេង បណ្ដាលឱ្យស្លាប់ តែម្ដង។
ប្រភពបានបន្តទៀតថាៈ សាកសពស្ត្រីរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ហើយកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងនគរបាលជំនាញយុត្តិធម៌ ក្រុងច្បារមន ក៏បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋានគរបាល ក្រុងច្បារមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕/V