ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ យោងតាមកូនស្រីរបស់លោកបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត អាយុ ៩៦ឆ្នាំបានទាក់ទងជាមួយក្រុមគ្រួសាររបស់គាត់ខណៈគាត់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។
លោកស្រី ដាទីន ប៉ាឌូកា ម៉ារីណា មហាធៀ (Datin Paduka Marina Mahathir)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី២៣ មករាថា”យើងក្នុងនាមជាគ្រួសារបានទាក់ទងជាមួយគាត់”។
លោកស្រីបាននិយាយថា “តាងនាមឱ្យលោកស្រីបណ្ឌិត ស៊ីទី ហាស្មា ម៉ូដ អាលី (Siti Hasmah Mohd Ali) ក្រុមគ្រួសារសូមអរគុណអ្នកទាំងអស់គ្នាមិនថាក្នុងប្រទេសឬក្រៅប្រទេសដែលបានបន់ស្រន់…ឱ្យលោកបណ្ឌិតមហាធៀឆាប់ជាសះស្បើយ។ យើងក៏សង្ឃឹមដែរថាសាធារណជននឹងមិនអើពើនឹងពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយដោយប្រភពដែលមិនបានបញ្ជាក់” ដោយបន្ថែមថាវិទ្យាស្ថានជាតិបេះដូង (IJN)ឬក្រុមគ្រួសារនឹងចេញសេចក្តីថ្លែងការណ៍យូរៗម្តង។ លោកស្រីបណ្ឌិត ស៊ីទី ហាស្មា ម៉ូដ អាលី គឺជាភរិយារបស់លោកបណ្ឌិតមហាធៀ និងជាម្តាយរបស់លោកស្រីម៉ារីណា។
រដ្ឋបុរសវ័យចំណាស់រូបនេះត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ IJN កាលពីថ្ងៃសៅរ៍ជាលើកទីបីក្នុងរយៈពេលត្រឹមតែជាងមួយខែ។
កាសែតប្រចាំថ្ងៃរបស់ម៉ាឡេស៊ី Utusan កាលពីថ្ងៃអាទិត្យក៏បានដកស្រង់ “ប្រភពជិតស្និទ្ធបំផុត” ដែលមិនបញ្ចេញឈ្មោះ ដោយនិយាយផងដែរថា ស្ថានភាពរបស់អតីតមេដឹកនាំរូបនេះមានភាពនឹងនរ ហើយថា គាត់បានដឹងខ្លួនឡើងវិញនិងអាចនិយាយបាន។
នៅក្នុងការវិវត្តន៍ដាច់ដោយឡែកមួយ ស្តេចម៉ាឡេស៊ី ស៊ុលតង់ អាប់ឌុលឡា អាម៉ាដ សា (Sultan Abdullah Ahmad Shah) ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ IJN កាលពីថ្ងៃសៅរ៍ផងដែរដើម្បីពិនិត្យនិងព្យាបាលជង្គង់និងកជើងរបស់ទ្រង់។
រាជវាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ព្រះមហាក្សត្រនឹងគង់នៅមន្ទីរពេទ្យរយៈពេលពីរបីថ្ងៃបន្ទាប់ពីការស្កែននៅខែកញ្ញាឆ្នាំ ២០២០បានបង្ហាញពីការរងរបួសទាក់ទងនឹងកីឡា៕
លោកមហាធៀ (ឆ្វេង) និង ព្រះមហាក្សត្រម៉ាឡេស៊ី កំពុងស្ថិតនៅមន្ទីរពេទ្យ IJN ដូចគ្នា