ប្រែសម្រួលៈបំណង/តៃប៉ិះ(ST)៖ តៃវ៉ាន់កាលពីថ្ងៃអាទិត្យទី២៣មករាបានអះអាងថាយន្តហោះចម្បាំងចិនក្នុងចំនួនយ៉ាងច្រើនបំផុតចាប់តាំងពីខែតុលាឆ្នាំមុន បានហោះចូលក្នុងដែនអាកាសរបស់ខ្លួនដោយបង្ខំអោយអាជ្ញាធរក្រុងតៃប៉ិះបញ្ចេញយន្តហោះប្រដេញទៅស្ទាក់ផ្លូវនិងព្រមានអោយយន្តហោះទាំង៣៩គ្រឿងចេញឆ្ងាយទៅវិញ។
ទោះជាយ៉ាងណា ចិនតែងចាត់ទុកកោះតៃវ៉ាន់ រួមទាំងច្រកសមុទ្រតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលនឹងត្រូវតែបង្រួបបង្រួមជាមួយមហាចិនដីគោកវិញនៅថ្ងៃណាមួយហើយអាចប្រើកម្លាំងយោធាក្នុងករណីចាំបាច់។
អស់ពេលជាងមួយឆ្នាំមកហើយ អាជ្ញាធរក្រុងតៃប៉ិះ(តៃវ៉ាន់)បានតវ៉ាអំពីបេសកកម្មដោយកងទ័ពអាកាសចិននៅក្បែរកោះប្រជាធិបតេយ្យមួយនេះ ដោយភាគច្រើននៅប៉ែកនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ហៅថាADIZនៅជាប់នឹងកោះប្រាតាស(Pratas)ដែលតៃវ៉ាន់គ្រប់គ្រង។
ក្រសួងយោធាតៃវ៉ាន់បាននិយាយថា បេសកកម្មចុងក្រោយរបស់កងទ័ពអាកាសចិន រួមមានយន្តហោះប្រយុទ្ធ៣៤គ្រឿង យន្តហោះសង្គ្រាមអេឡិចត្រូនិច៤គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿង។ពួកវាបានហោះនៅក្នុងតំបន់មួយឆ្ពោះទៅទិសឦសាននៃកោះប្រាតាស ហើយតៃវ៉ាន់បានបញ្ជូនយន្តហោះប្រដេញទៅព្រមានយន្តហោះចិននៅពេលប្រព័ន្ធកាំជ្រួចក៏ត្រូវបានដាក់ត្រៀមខ្លួននិងតាមដានយន្តហោះចិនទាំងនេះ។
នៅមិនទាន់មានការនិយាយយ៉ាងណាពីចិននៅឡើយទេ ដែលកន្លងមកតែងបាននិយាយថា ការហោះដូច្នេះជាការហ្វឹកហាត់ក្នុងបំណងការពារអធិបតេយ្យភាពរបស់ខ្លួន៕
តៃវ៉ាន់អះអាងថាបានបញ្ជូនយន្តហោះប្រយុទ្ធទៅព្រមានយន្តហោះចិនអោយចេញឆ្ងាយពីដែនអាកាសរបស់ខ្លួន