ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រសួងការបរទេស​អា​រ៉ាប៊ីសាអូឌីត​និយាយថា នាយករដ្ឋមន្ត្រី​ថៃ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​អា​រ៉ាប៊ីសាអូឌីត​នៅ​ថ្ងៃ​អង្គារទី​២៥ ខែ​មករា​ក្នុង​អ្វី​ដែល​នឹង​​ក្លាយ​ជា​កិច្ចប្រជុំ​កម្រិត​ខ្ពស់​លើកដំបូង​រវាង​ប្រទេស​ទាំង​ពីរ​ចាប់តាំងពី​មាន​ជម្លោះ​ការទូត​ជុំវិញ​ការ​លួច​គ្រឿងអលង្ការ​កាលពី​ជិត​បី​ទសវត្សរ៍​មុន​។​

​អា​រ៉ាប៊ីសាអូឌីតបា​នបន្ទា​ប​ទំនាក់ទំនង​ការទូ​ត​របស់​ខ្លួន​ជាមួយ​ទីក្រុង​បាងកក បន្ទាប់​ពី​ករណី​លួច​គ្រឿងអលង្ការ​ក្នុង​ឆ្នាំ ១៩៨៩ តម្លៃ​ប្រហែល ២០​លាន​ដុល្លារ​អាម៉េរិក​ដោយ​អ្នកយាម​ថៃ​ម្នាក់​​ដែល​ធ្វើការ​នៅក្នុង​រាជវាំង​របស់​ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត​មួយអង្គ នៅក្នុង​អ្វីដែល​គេ​ស្គាល់​ថា “​រឿងអាស្រូវ​ពេជ្រ​ខៀវ​”​។​

​ត្បូង​មួយចំនួនធំ​រួម​ទាំង​ពេជ្រ​ខៀវ​ដ៏​កម្រ​មិនទាន់​ត្រូវបាន​រកឃើញ​វិញ​ទេ​រហូត​មក​ទល់​សព្វថ្ងៃ​។​

​ក្រសួងការបរទេស​អា​រ៉ាប៊ីសាអូឌីត​បាន​និយា​យ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​​អា​រ៉ាប៊ីសាអូឌីតនៅ​ថ្ងៃ​អង្គារ តប​តាម​ការអញ្ជើញ​របស់​រជ្ជទា​យាទអា​រ៉ា​ប៊ីសា​អូឌីត ម៉ូ​ហាម​ម៉េត ប៊ីន សាល់​ម៉ាន់ (Mohammed bin Salman)​។​

​ក្រសួង​និយាយថា “​ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​ចំពេល​មាន​ការពិគ្រោះ​យោបល់ ដែលនាំឱ្យ​មាន​ការ​សម្លឹង​មើល​កាន់តែ​កៀក​លើ​បញ្ហា​ផលប្រយោជន៍​រួម​”​។​

​ដំណើរ​ទស្សនកិច្ច​នេះ​មាន​គោលបំណង​សម្របសម្រួល​លើ​ផលប្រយោជន៍​ទាំងនោះ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​លម្អិត​ទេ​។​

​ការ​លួច​គ្រឿងអលង្ការ​នៅ​តែ​ជា​អាថ៌កំបាំង​មិន​ទាន់​ដោះស្រាយ​ដ៏​ធំ​បំផុត​របស់​ថៃ ហើយ​ក្រោយមក​នោះ​ក៏​បាន​នាំឱ្យ​មាន​ការសម្លាប់​ដ៏​ប្រល័យ​កើត​ឡើង​ជា​បន្តបន្ទាប់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពួក​ឧត្តម​​សេនីយ៍​ប៉ូលិស​កំពូលៗ​របស់​ថៃ​។​

​មួយ​ឆ្នាំ​បន្ទាប់ពី​ការ​លួច​នោះ អ្នកការទូត​អា​រ៉ាប៊ីសាអូឌីតបី​នាក់ក្នុ​ង​ប្រទេស​ថៃ​ត្រូវបាន​សម្លាប់​នៅក្នុង​ការធ្វើឃាត​ចំនួន​បី​ផ្សេងគ្នា​ក្នុងពេល​តែមួយ​យប់​។​

​មួយ​ខែ​ក្រោយ​មក អ្នកជំនួញ​អា​រ៉ាប៊ីសាអូឌីត​លោក ម៉ូ​ហា​ម៉ាត់ អាល់ រូ​វ៉ា​យ​លី (Mohammad al-Ruwaili)​ដែល​ជា​សាក្សី​នៃ​ការបាញ់ប្រហារ​មួយ​ក្នុងចំណោម​នោះ ក៏​បាន​បាត់​ខ្លួន​ដែរ​។ ក្នុង​ឆ្នាំ ២០១៤ តុលាការ​ព្រហ្មទណ្ឌ​ថៃ​បាន​ច្រាន​ចោល​ករណី​មួយ​ប្រឆាំង​នឹង​បុរស​ប្រាំ​នាក់ រួមទាំង​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ម្នាក់​ផងដែរ​ដែល​រង​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​លើ​លោក​រូ​វ៉ា​យ​លី​ជុំវិញ​ត្បូង​ពេជ្រ​ដ៏​មានតម្លៃ​​ទាំងនោះ​។​

​ថៃ​បាន​ខ្នះខ្នែង​ក្នុងការ​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ធម្មតា​ឡើង​វិញ​ជាមួយ​ព្រះរាជាណាចក្រ​សម្បូរ​ប្រេង​មួយ​នេះ​បន្ទាប់​ពី​ជម្លោះ​ដែល​បាន​ធ្វើឱ្យ​ខាតបង់​ប្រាក់​ចំណូល​ពី​ពាណិជ្ជកម្ម​និង​ទេសចរណ៍​រាប់ពាន់​​លាន​ដុល្លារ និង​ការបាត់បង់​ការងារ​ចំពោះ​ពលករ​ចំណាកស្រុក​ថៃ​រាប់ម៉ឺន​នាក់​៕

លោក​ប្រា​យុទ្ធ​នឹង​ធ្វើដំណើរ​ទៅកាន់​អា​រ៉ាប៊ីសាអូឌីតនៅ​ថ្ងៃ​អង្គារស្អែ​កនេះ