ប្រែសម្រួលៈបំណង/ព្រុចសែល(ST)៖ប៉ូលិសនៅក្រុងព្រុចសែលកាលពីថ្ងៃអាទិត្យទី២៣មករាបានបាញ់ទឹកនិងឧស្ម័នហៀរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុកម្មនៅក្បែរទីស្នាក់ការរបស់សហភាពអឺរ៉ុបបន្ទាប់ពីការជួបជុំតវ៉ាមួយដែលមានអ្នកចួលរួមប្រមាណ៥០.០០០នាក់ដើម្បីប្រឆាំងនឹងការរឹតត្បិតប្រឆាំងកូវីដ១៩បានប្រែជាហិង្សា។
ទោះជាបែលហ្សិចបានប្រកាសបន្ធូរបន្ថយការរឹតត្បិតប្រឆាំងនឹងវីរុសកូរ៉ូណាបន្តិចកាលពីថ្ងៃសុក្រចំពេលចំនួនឆ្លងកើនឡើងខ្ពស់បំផុត រដ្ឋាភិបាលក៏បានបញ្ជាក់ថា ប្រជាជនត្រូវតែចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញក្រោយចាក់ដូសទី២បាន៥ខែ ដើម្បីរក្សាបានកាតវ៉ាក់សាំងដែលអនុញ្ញាតអោយពួកគេចូលបារឬរោងភាពយន្ត។
កាតវ៉ាក់សាំង ដែលត្រូវតែមានសំរាប់អ្នកចង់ចូលភោជនីយដ្ឋាន សារមន្ទីរឬទីសាធារណៈដទៃទៀត បានបង្កការប្រឆាំងជាខ្លាំងក្នុងចំណោមប្រជាជនបែលហ្សិចខ្លះ។
ទិដ្ឋភាពកាលពីថ្ងៃអាទិត្យបានរំលឹកអំពីការប៉ះទង្គិចកាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលអ្នកប្រឆាំងតវ៉ាប្រមាណ៣៥.០០០នាក់បានចូលរួមក្នុងបាតុកម្មដែលបានចាប់ផ្តើមដោយសន្តិវិធី តែក្រោយមកបានប្រែជាហិង្សា ដោយវិថីខ្លះក្នុងរដ្ឋធានីបែលហ្សិចពោរពេញដោយឧស្ម័នហៀរទឹកភ្នែក។
សាក្សីម្នាក់បាននិយាយថា អាគារដាក់សេវាទូតអឺរ៉ុបនិងហាងសាំងវិចមួយត្រូវបានបាតុករទម្លុះចូល។បាតុករខ្លះបានដុតផាវកាំជ្រួចនៅពេលប៉ូលិសរុលចូលក្នុងឧទ្យានក្បែរនោះដោយបាញ់ទឹកនិងគ្រាប់បែកផ្សែង។
បាតុករម្នាក់បានឡើងលើវេទិកានិងប្រាប់ទៅអ្នកដទៃទៀតអោយលើកដៃ និងថាអ្នកប្រឆាំងតវ៉ានឹងមិនបោះបង់ការតវ៉ាទាមទារទេ។
បាតុករម្នាក់ដែលបានអះអាងថាបានចាក់វ៉ាក់សាំងការពារកូវីដដោយខ្លួនឯង បាននិយាយថា« ខ្ញុំខឹងការដែលរដ្ឋាភិបាលសម្លុតគំរាម។គេកំពុងគំរាមអោយគ្រប់គ្នាចេញទៅចាក់វ៉ាក់សាំង»។
សូមបញ្ជាក់ថា បែលហ្សិចកំពុងស្ថិតកណ្តាលការផ្ទុះកូវីដក្នុងសហគមន៍នៅរលកទី៥ ដោយចំនួនឆ្លងឡើងដល់កំពូលនិងចុះមកវិញមិនរំពឹងថានឹងទៅដល់នៅប៉ុន្មានសប្តាហ៍ទៀតទេ។
បាតុកម្មនេះអំពាវនាវអោយបញ្ចប់ការប្រើច្បាប់តឹងរ៉ឹងប្រឆាំងកូវីដ១៩នៅពេលប្រទេសកំពុងប្រឈមដោះស្រាយជាមួយនឹងកំណើននៃការឆ្លងវីរុសអូមីក្រុង ដែលបានឆ្លងហួស៦០.០០០នាក់កាលពីថ្ងៃ២៣មករាទោះជាប្រជាជនបែលហ្សិចប្រមាណ៨៩ភាគរយបានចាក់វ៉ាក់សាំង២ដូសពេញលេញ និង៦៧ភាគរយបានចាក់ដូសជំរុញ។
ប៉ូលិសក្រុងព្រុចសែលកាលពីថ្ងៃអាទិត្យបានចាប់ខ្លួនបាតុករហិង្សា៧០នាក់ ហើយមនុស្ស១៥នាក់រួមមានប៉ូលិស៣នាក់ត្រូវបាននាំទៅកាន់ពេទ្យដោយសាររបួសពីការប៉ះទង្គិច។
បាតុកម្មនេះកើតឡើងក្រោយមានការតវ៉ាប្រឆាំងស្រដៀងគ្នានៅក្នុងរដ្ឋធានីនៃប្រទេសអឺរ៉ុបដទៃទៀតកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងលិខិតឬកាតវ៉ាក់សាំងនិងការតំរូវដទៃទៀតដែលបណ្តារដ្ឋាភិបាលអឺរ៉ុបដាក់ប្រើដើម្បីទប់កំណើននៃការឆ្លងប្រចាំថ្ងៃនិងចំនួនអ្នកជំងឺចូលដេកពេទ្យ៕
បែលហ្សិចបានជួបកំណើននៃការឆ្លងកូវីដ១៩ប្រចាំថ្ងៃរហូតដល់ជាង៦០.០០០នាក់នៅមួយសប្តាហ៍មកនេះ
បាតុកម្មប្រែជាហិង្សានាំអោយបាតុករនិងប៉ូលិសរបួសជាងដប់នាក់កាលពីថ្ងៃអាទិត្យ