​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី លោកស្រី ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា (Maria Zakharova) បាន​និយាយថា​ប្រទេស​លោកខាងលិច​កំពុង​ប្រើប្រាស់​ទីក្រុង​គៀវ​​ជា​ឧបករណ៍​មួយ​ដើម្បី​ជំរុញ​ផលប្រយោជន៍​របស់​ខ្លួន​នៅក្នុង​តំបន់​និង​ដាក់​ឥទ្ធិពល​លើ​ដំណើរការ​មួយ​ចំនួន​។​

​លោកស្រី​ហ្សា​ខា​រ៉ូ​វ៉ា​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត Izvestia ថា​”​អ៊ុយ​ក្រែន​ត្រូវបាន​លោក​ខាងលិច​យល់ឃើញថា​ជា​ឧបករណ៍​ឥទ្ធិពល​និង​ឧបករណ៍​អនុវត្ត​ផលប្រយោជន៍​​របស់​ខ្លួន​នៅក្នុង​តំបន់ ដោយ​ធ្វើឱ្យ​ស្ថានការណ៍​មាន​អស្ថិរភាព និង​ចោទប្រកាន់​ពួកយើង [​រុស្ស៊ី​] គ្មាន​ទីបញ្ចប់​”​។​

​លោកស្រី​បាន​សង្កត់ធ្ងន់ថា បណ្តា​ប្រទេស​លោកខាងលិច​ត្រូវការ​ហេតុផល​ដើម្បី​បង្ហាញ​ភាពត្រឹមត្រូវ​ឥតឈប់ឈរ​ចំពោះ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ហើយ​កំពុង​ប្រើប្រាស់​អ៊ុយ​ក្រែន​ទាក់ទិ​ននឹង​រឿង​នេះ បើ​ទោះបីជា​ការពិត​មិន​មាន​ភស្តុតាង​នៃ​ផែនការ​ណា​មួយ​ចំពោះ “​ការឈ្លានពាន​” របស់​រុស្ស៊ី​ក៏ដោយ​។​

​លោកស្រី​ហ្សា​ខា​រ៉ូ​វ៉ា​បាន​និយាយថា “​ដូច្នេះ​ពួកគេ​យក​អ៊ុយ​ក្រែន​ធ្វើ​ជា​វេទិកា​សម្រាប់​ការពិសោធន៍​, ពិតជា​អាសូរ​ណាស់​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​និង​ប្រជាជន​ពហុជាតិ​”​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​រូបនេះ​បាន​រំលឹក​ឡើងវិញ​ថា ទីក្រុង​មូ​ស្គូ​កំពុង​រង់ចាំ​ការឆ្លើយតប​ពី​សហរដ្ឋ​អាម៉េរិក​ចំពោះ​សំណើ​របស់​ខ្លួន​ស្តីពី​ការធានា​សន្តិសុខ​។​

​លោកស្រី​ហ្សា​ខា​រ៉ូ​វ៉ា​បាន​ប្រាប់​កាសែត Izvestia ថា “​យើង​បាន​ដាក់សំណើ​ជា​លាយលក្ខណ៍អក្សរ​ទៅកាន់​ដៃគូ​លោកខាងលិច​របស់​យើង ជា​ដំបូង​បំផុត​គឺ​សហរដ្ឋ​អាម៉េរិក​។​យើង​បាន​បើកចំហ​យ៉ាង​​ខ្លាំង​ចំពោះ​សកម្មភាព​របស់​យើង​…​ឥឡូវ​នេះ​យើង​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​បំណងប្រាថ្នា​របស់​ពួកគេ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​បំភ្លឺ​ការពិត​មួយ​ចំនួន​។​ការប្រជុំ​បាន​ធ្វើឡើង​ត្បិត​កាលវិភាគ​បែប​​នេះ​ក្តី​…​យើង​កំពុង​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិកា​រទាំ​ង​ស្រុង យើង​កំពុង​រង់ចាំ​ចម្លើយ​ជា​លាយលក្ខណ៍អក្សរ​ចំពោះ​ចំណុច​នី​មួយៗ​”​។​

​លោកស្រី​បាន​សង្កត់ធ្ងន់ថា កិច្ចប្រជុំ​ដែល​ធ្វើឡើង​រវាង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ​និង​រដ្ឋមន្ត្រី​ការបរទេ​ស​អាម៉េរិក លោក អ៊ែន​ថូ​នី ប្លីង​កិន នៅ​ទីក្រុង​ហ្សឺ​ណែ​វ កាលពី​ថ្ងៃ​សុក្រ​ត្រូវ​​បាន​រៀបចំ​ឡើង​តាម​គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋ​អាម៉េរិក​៕

រូបភាព​របង​ដែក​នៅតាម​ព្រំដែន​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​