ដោយៈ សរិទ្ធ / តាកែវៈ បុរសចំណាស់ម្នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំគុស បានស្លាប់ នៅកន្លែងកើតហេតុ នៅពេលបុរសនោះ បានជិះម៉ូតូ បត់ឆ្លងផ្លូវ ហើយត្រូវរថយន្ត បើកបុកពេញទំហឹង រួចរថយន្តបង្កហេតុ បានបើកគេចខ្លួន បាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងជាង ៥ រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ៩១-៩២ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ច បានឱ្យដឹងថាៈ បុរសចំណាស់ម្នាក់នោះ ឈ្មោះ អ៊ុំ ស៊ាន់ អាយុ ៧២ ឆ្នាំ ជាសមាជិក ក្រុមប្រឹក្សាឃុំគុស មានលំនៅ នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ច បានបន្តឱ្យដឹងទៀតថាៈ ដំបូង ម៉ូតូរងគ្រោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A-0988 បើកបរដោយ ឈ្មោះ អ៊ុំ ស៊ាន់ ។ នៅពេលបើកមក ពីទិសខាងកើត និងលុះបើកបរ មកដល់ចំណុចខាងលើ បុរសនេះ ក៏បានបត់ម៉ូតូទៅខាងឆ្វេង ឆ្លងផ្លូវ ដើម្បីចូលផ្ទះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់អត្តសញ្ញាណ មកពីក្រោយ បានបុកម៉ូតូរបស់គាត់ ចំពីចំហៀង ខាងឆ្វេង ពេញមួយទំហឹងតែម្តង រួចហើយបានបើកបរ គេចខ្លួន ទៅទិសខាងលិច បាត់ទៅ។
ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ផ្លូវគោក ស្រុកត្រាំកក់ បានចុះត្រួតពិនិត្យ កសាងសំណុំរឿង ទៅតាមនីតិវិធី និងបានប្រគល់សព ជូនដល់សាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯវត្ថុតាងម៉ូតូខាងលើ រងការខូចខាតធ្ងន់ ហើយត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាំកក់៕/V