ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ពិតជាមានមោទនភាព ចំពោះកូនក្មួយ ដែលជាកូន ជាចៅរបស់ អ្នកខេត្តកំពង់ស្ពឺ ដែលធ្វើបានល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ ឆ្នាំសិក្សា ២០២០-២០២១ រហូតដល់ទៅជិត បី ពាន់នាក់ លើចំនួនបេក្ខជនប្រឡងជាង បួនពាន់នាក់ ហើយទន្ទឹមនឹងការប្រឡងជាប់ច្រើន កូន ក្មួយ អាចដណ្តើមបាននិទ្ទេស A សម្រាប់មុខមាត់ខេត្ត មុខមាត់គ្រួសារ រហូតដល់ទៅ ៣៣ នាក់។
លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងដូច្នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញ ប្រគល់ម៉ូតូ ដោយផ្ទាល់ ដល់ក្មួយៗ ជ័យលាភី និទ្ទេស A នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ស្ពឺ ។
លោក វ៉ី សំណាង បានថ្លែងថាៈ ទោះស្ថិតក្នុងដំណាក់កាលដ៏លំបាក នៃការរីករាលដាល ជំងឺកូវីដ-១៩ ក៏ដោយ ក៏ក្មួយៗ នៅតែបន្តការខិតខំប្រឹងប្រែងរៀនសូត្រ មិនបណ្តែត បណ្តោយខ្លួនដែរ។ ថ្វីត្បិតសាលាបានបិទ ហើយតម្រូវឱ្យក្មួយៗ រៀនតាមប្រព័ន្ធហ្សូម (Zoom) ដែលពិបាកក្នុងការទំនាក់ទំនង សួរសំណួរ ផ្តល់ចំលើយ មិនដូចរៀនក្នុង សាលា តែក្មួយៗ មិនបោះបង់ នៅតែបន្តរៀន រហូតបានលទ្ធផល គួរជាទីមោទនៈ នៅថ្ងៃនេះ ។ ក្មួយៗ ពិតជាមិនធ្វើឱ្យគ្រួសារក្មួយៗ អស់សង្ឃឹមនោះទេ ពិសេសរដ្ឋបាលខេត្ត ពិតជាមានមោទនភាព ដោយសារក្មួយៗ កូនចៅអ្នកកំពង់ស្ពឺ ពិតជាឈាមជ័រ អ្នកប្រាជ្ញ ប្រាកដមែន ហើយក៏អរគុណ ដល់លោកគ្រូ អ្នកគ្រូ ដែលបានលះបង់ កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ បង្រៀនពួកគេបានល្អ។
ដូចដែលអ្វី ដែលអ៊ុំបានសន្យា នៅពេលបើកកញ្ចប់វិញ្ញាសាប្រឡងថា អ៊ុំនឹងជូនកាដូ ម៉ូតូមួយគ្រឿង ដល់កូនក្មួយណា ដែលអាចដណ្តើមបាននិទ្ទេស A ឥឡូវនេះ គឺក្មួយធ្វើ បានរហូតទៅដល់ ៣៣ នាក់ ។ ថ្ងៃនេះ អ៊ុំជូនម៉ូតូដល់ក្មួយម្នាក់មួយគ្រឿង សម្រាប់ជិះ មកសិក្សាបន្តទៀត ហើយក្នុងនាមអ៊ុំនិងក្នុងនាមរដ្ឋបាលខេត្ត ក៏សុំឱ្យក្មួយៗ ខិតខំបន្ថែម ទៀត លើមុខជំនាញ នៅថ្នាក់ឧត្តមសិក្សា ដើម្បីយកចំណេះវិជ្ជា មកចូលរួមអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសង្គមជាតិយើង ពិសេសដើម្បីអនាគតខ្លួនឯង៕/V