ប្រែសម្រួលៈបំណង/អាប៊ូដាប៊ី(អេភី,ដេល្លីម៉េល)៖ ប្រទេសអារ៉ាប់រួមអេមីរ៉េត កាលពីថ្ងៃចន្ទទី២៤មករាបានស្ទាក់កំទេចកាំជ្រួច២គ្រាប់ដែលត្រូវបានបាញ់សំដៅទីក្រុងអាប៊ូដាប៊ីកាលពីដើមថ្ងៃចន្ទ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ WAM។
វាជាការវាយប្រហារលើកចុងក្រោយមួយក្នុងចំណោមការវាយប្រហារដូច្នេះជាបន្តបន្ទាប់លើរដ្ឋធានីរបស់របស់អារ៉ាប់រួមអេមីរ៉េត។
ទីភ្នាក់ងារសារព័ត៌មាន WAMបាននិយាយថា អំបែងកាំជ្រួចបានធ្លាក់លើរដ្ឋធានីតែមិនបង្កគ្រោះថ្នាក់ទេ។
ទីភ្នាក់ងារសារព័ត៌មានខាងលើបានស្រង់សម្តីក្រសួងការពារជាតិអារ៉ាប់រួមអេមីរ៉េត ដែលបាននិយាយថា «អេមីរ៉េតត្រៀមខ្លួនដោះស្រាយជាមួយនឹងការគំរាមណាមួយ និងថាខ្លួននឹងចាត់គ្រប់វិធានការដើម្បីការពាររដ្ឋឈូងសមុទ្រមួយនេះពីការវាយប្រហារគ្រប់ប្រភេទទាំងអស់»។
វីដេអូបង្ហោះក្នុងបណ្តាញសង្គមបង្ហាញមេឃលើរដ្ឋធានីអាប៊ូដាប៊ីឡើងភ្លឺនៅមុនព្រឹកព្រហាមថ្ងៃចន្ទជាមួយនឹងចំណុចនៃពន្លឺមើលទៅដូចជាកាំជ្រួចស្ទាក់កំទេចនៅក្នុងមេឃ។
ការបាញ់កាំជ្រួចនេះក៏បានរំខានចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋានក្រុងអាប៊ូដាប៊ី ដែលជាផ្ទះរបស់ក្រុមហ៊ុនអាកាសចរណ៍ចម្ងាយឆ្ងាយអេធីហាត(Etihad)អស់ពេលប្រមាណ១ម៉ោងផងដែរ។
នៅមិនទាន់មានការប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ទោះជាយ៉ាងណា ការវាយប្រហារនោះកើតឡើងមួយសប្តាហ៍ក្រោយពួកឧទ្ទាមហូធី(Houthi)របស់ប្រទេសយេម៉ែនបានប្រកាសអះអាងការវាយប្រហារមួយលើរដ្ឋធានីអាប៊ូដាប៊ីដែលបានសម្លាប់មនុស្ស៣នាក់និងរបួស៦នាក់ទៀត។
នៅប៉ុន្មានថ្ងៃមកនេះ ក្រុមចំរុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតដែលអារ៉ាប់រួមអេមីរ៉េតគាំទ្រ បានធ្វើការវាយប្រហារតាមផ្លូវអាកាសបន្តបន្ទាប់លើគោលដៅនានានៅយេម៉ែនដោយបណ្តាលអោយប្រទេសក្រីក្របំផុតមួយនេះដាច់អ៊ីនធឺណិតនិងសម្លាប់មនុស្សជាង៨០នាក់នៅគុកមួយ។
ពួកហូធីគំរាមសងសឹកលើអារ៉ាប់រួមអេមីរ៉េត និងអារ៉ាប៊ីសាអូឌីត ចំពោះការវាយប្រហារតាមផ្លូវអាកាសទាំងនេះ។កាលពីថ្ងៃអាទិត្យ ក្រុមចំរុះនេះបាននិយាយថា កាំជ្រួចផ្លោងមួយរបស់ពួកហូធីបានធ្លាក់នៅតំបន់ឧស្សាហកម្មមួយក្នុងទីក្រុងជីហ្សាន់ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយបណ្តាលអោយរបួសមនុស្សម្នាក់៕