ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ការត្រៀមខ្លួនប្រកួតវគ្គជម្រុះវើលខាប់ដ៏សំខាន់របស់អូស្ត្រាលីក្នុងសប្តាហ៍នេះបានទទួលរងនូវឧបសគ្គមួយកាលពីថ្ងៃអាទិត្យទី២៣មករានៅពេលដែលគ្រូបង្វឹកលោក ហ្គ្រាហាម អាណុល បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ ហើយត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែក។
ក្រុមកង់ហ្គូរូអូស្ត្រាលីត្រូវជួបជាមួយវៀតណាមក្នុងទីក្រុងមែលប៊ននៅថ្ងៃព្រហស្បតិ៍ទី២៧មករា ដោយជំនួយការរបស់លោកអាណុល ជាអតីតជំនួយការគ្រូបង្វឹក Manchester United លោក រីន មូលិនស្ទីន ចូលកាន់តំណែងជំនួស។
នាយកប្រតិបត្តិបាល់ទាត់អូស្ត្រាលីលោក ជែម ចនសុន បាននិយាយថា គ្មាននរណាផ្សេងទៀតនៅក្នុងក្រុមខកខានមិនបានធ្វើតេស្តិ៍រកកូវីដនោះទេរហូតមកទល់ពេលនេះ។
លោកចនសុននិយាយថា “លោកហ្គ្រាហាមនិងបុគ្គលិករបស់ក្រុមកង់ហ្គូរូបានលះបង់ច្រើនណាស់ក្នុងឆ្នាំកន្លងទៅដើម្បីដឹកនាំក្រុមលើយុទ្ធនាការជម្រុះនៅចំកណ្តាលនៃជំងឺរាតត្បាត”ដោយអូស្ត្រាលីបានបង្ខំចិត្តលេងការប្រកួតក្នុងផ្ទះខ្លួនឯងទាំងអស់នៅក្រៅប្រទេសរហូតមកទល់ពេលនេះ។
“ដូច្នេះវាជារឿងអកុសលណាស់ដែលនៅមួយថ្ងៃមុនការប្រកួតជម្រុះក្នុងផ្ទះដ៏សំខាន់នេះ លោកហ្គ្រាហាមបែរជាចេញលទ្ធផលវិជ្ជមាន។យើងរីករាយដែលពិធីការហ្មត់ចត់របស់យើងបានប្រមូលលទ្ធផលនេះបានឆាប់ ដូច្នេះហានិភ័យនៃការឆ្លងដល់កីឡាករនិងបុគ្គលិកនៅមុនឈានទៅដល់ការប្រកួតសប្តាហ៍នេះ ត្រូវបានគ្រប់គ្រង”។
អូស្ត្រាលីត្រូវការឈ្នះដាច់ខាតលើវៀតណាម ក្រោយភ្លាត់ស្នៀតចាញ់មួយនិងស្មើមួយនៅពីរប្រកួតចុងក្រោយនេះ៕
គ្រូបង្វឹកអូស្ត្រាលីលោក ហ្គ្រាហាម អាណុល តេស្តិ៍វិជ្ជមានកូវីដ១៩