ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ថ្លែងសារពីខេត្តកំពត បុត្រាច្បងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងនាមជាអ្នកបន្តវេន និងជាព្រះប្រធានស្តីទី គណបក្សហ្វ៊ុនស៊ិនប៉ិច បានប្តេជ្ញាយ៉ាងមុះមុត ក្នុងការការពារថែរក្សា គណបក្សហ្វ៊ុនស៊ិនប៉ិច ឱ្យបានគង់វង្ស។ ព្រះអង្គមានជំនឿថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលបានគាំទ្រសារជាថ្មី ក្នុងការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នាឆ្នាំ២០២៣ ខាងមុខនេះ ។
ការប្តេជ្ញារបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានធ្វើឡើង នាឱកាសយាងចុះជួប សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ថ្នាក់ខេត្ត ស្រុក ឃុំ នៅទីស្នាក់ការបក្សខេត្តកំពត ក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ នៅព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានបន្ទូលបញ្ជាក់ថាៈ គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រកាសស្វាគមន៍ និងបើកទ្វាចំហរ ចំពោះអ្នករាជានិយម អ្នកជាតិនិយម មករួបរួម សាមគ្គីគ្នា ជាមួយមហាគ្រួសារ ក្រោមដំបូលគណបក្សហ្វ៊ុនស៊ិនប៉ិច។
សូមបញ្ជាក់ថា ការប្តេជ្ញារបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងការការពារថែរក្សា គណបក្សហ្វ៊ុនស៊ិនប៉ិច ឱ្យបានគង់វង្ស គឺបានធ្វើឡើង បន្ទាប់ពីក្រុមលោក សាយ ហាក់ លោក ហេង ចន្ថា និងលោក ផាន់ សិទ្ធី រួមទាំងមនុស្ស មួយចំនួនទៀត គ្រោងនឹងរៀបចំ ធ្វើសមាជ នាពេលខាងនេះ ដើម្បីយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១ គណបក្ស ជាព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច។
សូមជម្រាបថា ក្រុមលោក សាយ ហាក់ លោក ហេង ចន្ថា និងលោក ផាន់ សិទ្ធី បានបើកកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការនាយក គណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កកន្លងមកនេះ ដោយបានសម្រេចជាឯកច្ឆន្ទ យាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១ គណបក្ស ជាព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច។
ទាក់ទងករណីជម្លោះផ្ទៃក្នុង គណបក្សហ្វ៊ុនស៊ិនប៉ិចនេះ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានធ្វើលិខិតទូលថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ថាៈ ក្រសួងមហាផ្ទៃ បានទទួលរួចហើយ នូវសេចក្ដីសម្រេចលេខ០៤៥ ហសប ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច តែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច ស្របតាមប្រការ ៥៩ ថ្មី នៃលក្ខន្តិកៈ គណបក្ស។ ដូច្នេះ ក្រសួងមហាផ្ទៃ ស្នើឱ្យព្រះអង្គម្ចាស់ ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុង គណបក្ស ដើម្បីរៀបចំ សមាជជ្រើសរើស ក្បាលម៉ាស៊ីនដឹកនាំ គណបក្ស ឱ្យស្របតាម ខ្លឹមសារ ប្រការ ១៦ ប្រការ១៧ថ្មី ប្រការ១៩ ប្រការ២០ ប្រការ២៤ និងប្រការ៣៥ នៃលក្ខន្តិកៈគណបក្ស តម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា ១៨ ថ្មី នៃ ច្បាប់ស្តីពីគណបក្សនយោបាយ ផងដែរ៕/V