ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ជប៉ុន បានប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ នូវរថយន្តពន្លត់ អគ្គិភ័យ ប្រើប្រាស់រួច ចំនួន បួន គ្រឿង ដែលអំណោយនេះ ស្ថិតក្នុងគម្រោងធ្វើឱ្យប្រសើរ ឡើង នូវសមត្ថភាពពន្លត់អគ្គិភ័យ ក្រោមហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ) និងស្របពេលដែល រាជធានីភ្នំពេញ កាន់តែមានភាពរីកចម្រើន។

ពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់រួច ចំនួន បួន គ្រឿងនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យកណ្តាល នគរបាលអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ស្ថិតនៅភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

លោក ឃួង ស្រេង បានមានប្រសាសន៍ ក្នុងឱកាសនោះថាៈ ក្នុងនាមរដ្ឋបាល រាជធានី ភ្នំពេញ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវអំណោយ ជារថយន្តពន្លត់អគ្គិភ័យ និងការបណ្ដុះបណ្ដាល បច្ចេកទេសជូនដល់ អង្គភាពជំនាញរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលនេះមិនត្រឹមតែបានគាំទ្រ ដល់ការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពពន្លត់អគ្គិភ័យ ក្នុងរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែក យ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស យើងទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្ស ជានិច្ចនិរន្តរ៍។

លោកបានបន្តថាៈ គ្រោះអគ្គិភ័យ បានបង្កនូវវិនាសកម្ម ធ្វើឱ្យបាត់បង់ អាយុជីវិតប្រជាពល រដ្ឋ និងធ្វើឱ្យខូចខាតទ្រព្យ សម្បត្តិរដ្ឋ និងឯកជនជាច្រើន ហើយក្នុងពេលប្រតិបត្តិការ កងកម្លាំងពន្លត់អគ្គិភ័យ ក៏ត្រូវបានជូបប្រទះនូវភាពស្មុគស្មាញ ប្រឈមទៅនឹងការលំបាក ទាំងបច្ចេកទេស និងសមត្ថភាពជំនាញឯកទេស ជាពិសេសភាពប្រថុយប្រថានខ្ពស់ ទៅនឹង គ្រោះថ្នាក់ដល់អាយុជីវិត ថែមទៀតផង។

បើផ្អែកតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ សភាពការណ៍គ្រោះអគ្គិភ័យ នៅរាជធានីភ្នំពេញ បានកើតមានឡើង ចំនួន ១៣០ លើក បណ្តាលឱ្យមនុស្សស្លាប់ ចំនួន ១២ នាក់, របួសចំនួន ២៣ នាក់ និងបាន បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ ដូចជា ឆេះផ្ទះ ២៨ ខ្នង, ឃ្លាំង-រោងចក្រ ១០ កន្លែង, បន្ទប់ស្នាក់នៅ ៣៦ បន្ទប់, រថយន្ត ៣៦ គ្រឿង, យានយន្ត គ្រឿងចក្រ និងសម្ភារៈ-បរិក្ខារ មានតម្លៃជាច្រើនទៀត។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តថាៈ ស្របពេលដែលរាជធានីភ្នំពេញ កាន់តែមាន ភាពរីកចម្រើន មានវត្តមាន ទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ខុនដូ និងផ្សារទំនើប ត្រូវបានសាងសង់ឡើង ជាបន្តបន្ទាប់នោះ ទីក្រុងភ្នំពេញ ក៏កំពុងប្រឈមទៅនឹងបញ្ហាថ្មី១ លើការងារបង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើតមាន ចំពោះសំណង់អគារខ្ពស់ៗ និង បណ្តាអាជីវកម្មដ្ឋានងាយឆាបឆេះ ។ ដូច្នេះការផ្ដល់នូវជំនួយបច្ចេកទេស និងរថយន្តពន្លត់ អគ្គិភ័យ ដែលមានសមត្ថភាព របស់មិត្តជប៉ុន សម្រាប់ការងារនេះ គឺពិតជាបានឆ្លើយតប ទៅនឹងតម្រូវការចាំបាច់ ចំពោះមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាដល់ប្រសិទ្ធភាព នៃការអន្តរាគមន៍ពន្លត់អគ្គិភ័យ ក្នុងទីក្រុង បានទាន់ពេលវេលា និងកាន់តែប្រសើរឡើង។

លោកបានបន្តទៀតថាៈ សម្រាប់រថយន្តពន្លត់អគ្គិភ័យ ដែលមិត្តជប៉ុន បានផ្ដល់ជូនរដ្ឋបាល រាជធានីភ្នំពេញ នេះ ជាប្រភេទរថយន្ត ពន្លត់អគ្គិភ័យ ដែលប្រើប្រាស់រួចក្រោមហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៃគម្រោងគូសាណូណិ ដែលមាន ចំនួនសរុប បួន គ្រឿង ក្នុងនោះរួមមាន រថយន្តបូមទឹកពន្លត់អគ្គិភ័យ ចំនួន ពីរ គ្រឿង, រថយន្តពន្លត់អគ្គិភ័យ បំពាក់ដោយ សារធាតុគីមី ចំនួន មួយ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ បំពាក់ដោយជណ្តើរ កម្ពស់ ៤០ ម៉ែត្រ ចំនួន មួយ គ្រឿង ដែលរថយន្តទាំងនេះ នឹងចូលរួមគាំទ្រ. បង្កើនសមត្ថ ភាព និងសម្រួលដល់ការបំពេញភារកិច្ច របស់កងកម្លាំងពន្លត់អគ្គិភ័យ កាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍ថាៈ រថយន្តពន្លត់អគ្គិភ័យ ចំនួន បួន គ្រឿងនេះ បានបរិច្ចាគដោយ រដ្ឋាភិបាលក្នុងស្រុក នៃប្រទេសជប៉ុន តាមរយៈ ជំនួយឥតសំណង គម្រោងគូសាណូណិ ដោយមានកិច្ចសហប្រតិបត្តិការ ពីអង្គការ Society for Promotion of Japanese Diplomacy ក្នុងគោលបំណង រួមចំណែកដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម ។ រថយន្តពន្លត់អគ្គិភ័យ វានឹងអាចអនុវត្ត ការសង្គ្រោះ និងឆ្លើយតបបន្ទាន់ ទៅនឹងអគ្គិភ័យ នៅក្នុងអគារខ្ពស់ៗ ។

លោកទូត បានបន្តថាៈ គម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវ សុវត្ថិភាព និងជួយការពារទ្រព្យសម្បត្តិ របស់ប្រជាជន ដែលរស់នៅក្នុងតំបន់ ព្រមទាំង ភ្ញៀវទេសចរ និងអ្នកជំនួញ ដែលធ្វើដំណើរ មកពីជុំវិញពិភពលោកផងដែរ៕/V