ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលស្រុកថ្មពួក និងប៉ុស្តិ៍ព្រំដែន នៃវរសេនាតូច នគរបាល ការពារព្រំដែនគោក ៨០៧ ថ្មពួក បានចាប់ខ្លួនបុរសម្នាក់ ញៀនស្រា និង គ្រឿងញៀន វាយធ្វើបាបកូន ដូចសត្វធាតុ បង្កអោយរបួសពេញខ្លួន។ សំណុំរឿងនេះ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យទៅតុលាការហើយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះ។

នគរបាលប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ ជនសង្ស័យឈ្មោះ ថា សុភ័ក្រ ភេទប្រុស អាយុ ៣១ ឆ្នាំ ។ ឯជនរងគ្រោះ ឈ្មោះ សុខ ភក្តី អាយុ ៥ ឆ្នាំ ត្រូវជា កូនប្រុសបង្កើត។ ទាំងពីរនាក់ និងក្រុមគ្រួសារ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាល បានអោយដឹងទៀតថាៈ ជនបង្កជាមនុស្សញៀនស្រា និងជាមុខសញ្ញាប្រើប្រាស់ គ្រឿងញៀន ហើយត្រូវបានប្រពន្ធ លែងលះរយៈពេល ៥ ឆ្នាំកន្លងមកហើយ។ ប៉ុន្តែអតីត ភរិយារបស់ជនសង្ស័យ មិនបានយកកូន ទៅនៅជាមួយទេ គឺទុកកូន ឱ្យរស់នៅជាមួយ អតីតប្តី ជាអ្នកមើលថែ។

នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជនបង្កជាឪពុក បានផឹកស្រាស្រវឹង ហើយបានយកខ្សែក្រវាត់ វាយទៅលើកូនប្រុសរបស់ខ្លួន មានអាយុ ៥ ឆ្នាំ បណ្តាលឲ្យមាន ស្លាកស្នាមជាំពេញខ្លួន និងបង្កគាបសង្កត់ផ្លូវចិត្ត ស្មារតីកូន ដូចជាសត្វធាតុ។

ឃើញពីទង្វើដ៏អាក្រក់នេះ អ្នកជិតខាង បានជួយឃាត់ និងមានការជួយអន្តរាគមន៍ ពីកម្លាំងនគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៨០៧ បានឃាត់ខ្លួនជនបង្ក យកមកប្រគល់ឲ្យអធិការដ្ឋាននគរបាល ស្រុកថ្មពួក ដើម្បីសាកសួរ និងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី៕/V