ដោយ: ភ្នំខៀវ / បាត់ដំបង: យុវជនពីរនាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ នៅពេលពេល ពួកគេ បានជិះម៉ូតូ ឌុបគ្នាក្នុងល្បឿនលឿន និងបើកឡើងជែង រថយន្ដរបស់ថៃ ក្នុងទិសដៅ ស្របគ្នា ហើយបានរេចង្កូត ដួលចូល ខាងមុខរថយន្ដថៃ មួយគ្រឿង ផ្សេងទៀត ដែលធ្វើ ដំណើរបព្ច្រាសទិសគ្នា ។

នគរបាល បានប្រាប់ឲ្យដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅល្ងាចថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ ៥៧B ត្រង់ចំណុចមុខផ្សារ ស្រុកសំពៅលូន ស្ថិតក្នុងភូមិអូរស្ងាត់ ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយការត្រួតពិនិត្យ និងវាស់វែង តាមបច្ចេកទេស កម្លាំងជំនាញផ្នែកចរាចរណ៍ស្រុក និងខេត្ត បានបញ្ជាក់ឲ្យដឹងថាៈ គ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកជិះម៉ូតូ បានបើកឡើងជែង រថយន្ដរបស់ថៃ ដែលបើកបរ ក្នុងទិសដៅស្របគ្នា ហើយបានរេចង្កូត ដួលចូលខាងមុខ រថយន្ដថៃ មួយគ្រឿងផ្សេងទៀត ដែលធ្វើដំណើរបព្ច្រាសទិសគ្នា ក៏បុកពេញទំហឹង បណ្តាលឲ្យស្លាប់ ទាំងពីរនាក់តែម្តង។

ប្រភពដដែល បានឲ្យដឹងដែរថាៈ ជនរងគ្រោះ ភាគីខាងម៉ូតូ ឈ្មោះផន ធារ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅក្នុងភូមិ ត្រពាំងព្រលិត ឃុំសន្ដិភាព និងអ្នករួមដំណើរជាមួយ ម្នាក់ទៀត ឈ្មោះ ពេជ្រ សុខុម ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង។ ជនរងគ្រោះ បើកបរម៉ូតូម៉ាកស៊ុយហ្សុ៊យគី ពណ៌ ស អត់ស្លាកលេខ ។ ចំណែកភាគីរថយន្តជនជាតិថៃ ប្រភេទសណ្ដោងរ៉ឺម៉ក ម៉ាកស្គែននា ពណ៌ ស ពាក់ស្លាកលេខ ៧0 -៩២០៣ អ្នកបើកបរ ក្រោយកើតហេតុ បានគេចខ្លួនបាត់។

ករណីនេះ សមត្ថកិច្ចជំនាញ បានចុះពិនិត្យវាស់វែង រួចប្រគល់សាកសពជនរងគ្រោះ អោយទៅសាច់ញាតិ ក្រុមគ្រួសារ រីឯមធ្យោបាយបង្កទាំងអស់ បានយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំការដោះស្រាយ តាមផ្លូវច្បាប់៕/V