ប្រែសម្រួលៈបំណង/បាងកក (BLOOMBERG,បាងកកប៉ុស្តិ៍)៖ថៃកំពុងបង្កើនការចាក់វ៉ាក់សាំងដូសជំរុញទី៤អោយអ្នកស្រុកនៅតំបន់ទេសចរណ៍របស់ខ្លួននៅពេលជាប្រជាជាតិមួយនេះនឹងពង្រីកការបើកព្រំដែននៅខែក្រោយ។
អាជ្ញាធរកំពុងផ្តល់វ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca)និងហ្វាយហ្សឺ( Pfizer)ដល់អ្នករស់នៅក្រុងបាងកក កោះភូកេត និងខេត្តក្រាប៊ី(Krabi)ព្រមទាំងខេត្តដទៃទៀតដើម្បីចាក់អោយអ្នកដែលបានចាក់ដូសទី៣រួចហើយយ៉ាងតិចកាលពីកាលពី៣ខែមុន។
តាមពិតប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះបានចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៤បានជាង៨០០.០០០ដូស ភាគច្រើនលើបុគ្គលិកសុខាភិបាលនិងក្រុមមនុស្សប្រឈមគ្រោះថ្នាក់ខ្ពស់។
ថៃស្ថិតចំណោមប្រទេសក្នុងតារាងខ្លីមួយរួមមានឈីលីនិងអ៊ីស្រាអែលដែលសុំចាក់ដូសទី៤ដល់ប្រជាជនខ្លួន។ពួកមន្ត្រីថៃបាននិយាយថា ការចាក់ដូសទី៤នឹងជួយកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍និងបើកវិស័យទេសចររបស់ខ្លួនឡើងវិញ។
សូមបញ្ជាក់ថាចាប់តាំងពីថ្ងៃ០១កុម្ភៈ ថៃនឹងបន្តកម្មវិធីទទួលទេសចរបរទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើងវិញដែលវាបានជួយនាំទេសចរចូលថៃបានប្រមាណ៣៥០.០០០នាក់ក្នុងរយៈពេល២ខែ មុនកម្មវិធីនេះត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារបារម្ភអំពីការឆ្លងរាលដាលវីរុសអូមីក្រុង។
ប្រមាណ១៧ភាគរយក្នុងចំណោមប្រជាជនថៃជិត៧០លាននាក់បានចាក់ដូសទី៣នៅពេល៦៩លាននាក់បានចាក់២ដូស។
ថៃនៅថ្ងៃចន្ទនេះបានរាយការណ៍ចំនួនឆ្លងកូវីដថ្មីចំនួន៧.១៣៩នាក់ និងអ្នកជំងឺ១៣នាក់បានស្លាប់នៅ២៤ម៉ោងកន្លងទៅ។
ក្នុងចំណោមអ្នកឆ្លងថ្មី ៦.៩២៤នាក់ជាប្រជាជនថៃទូទៅ និងក្រុងបាងកកមានអ្នកឆ្លងថ្មីច្រើនជាងគេគឺ ១.១៣០នាក់ ។មានករណីនាំចូលចំនួន១៩៥នាក់ ក្នុងនេះ៣៦នាក់មកពីរុស្ស៊ី និង១០នាក់ទៅពីកម្ពុជា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
សូមបញ្ជាក់ថា ចាប់តាំងពីជំងឺឆ្លងនេះមាននៅថៃកាលពីដើមឆ្នាំ២០២០មក អាជ្ញាធរបានរកឃើញអ្នកឆ្លង២.៣៨៤.៦៣៩នាក់ ជាង២,២៨លាននាក់ជាសះស្បើយ និង២២.០៤៥នាក់បានស្លាប់ដោយកូវីដ១៩។
ទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ១៩ជាង៣៥២លាននាក់ និង៥,៦១លាននាក់ស្លាប់ ដោយអាម៉េរិកនាំមុខគេទាំងចំនួនឆ្លង(៧១,៩២លាននាក់)និងស្លាប់ដោយកូវីដ១៩មានចំនួន៨៨៩.១៩៧នាក់៕
ប្រជាជនថៃចាក់វ៉ាក់សាំងកូវីដ១៩នៅកោះភូកេតកាលពីឆ្នាំមុន