ដោយៈប.ខុន/ភ្នំពេញៈ នៅក្នុងសប្តាហ៍ចុងខែមករានេះ អាចនឹងមានភ្លៀងធ្លាក់តិចតួច ដោយកន្លែង រាល់ថ្ងៃ ជាពិសេសលើបណ្តាខេត្តជាប់មាត់សមុទ្រ ដោយសារឥទ្ធិពលសម្ពាធទាប នៅក្នុងសមុទ្រចិនខាងត្បូង និងនៅក្នុងសប្តាហ៍ ដើមខែកុម្ភៈ អាចនឹងមានភ្លៀង ធ្លាក់ច្រើនរាល់ថ្ងៃ ដូចនៅក្នុងរដូវវស្សា ដោយសារបាតុភូត រុញមកពីភាគអគ្នេយ៍។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា សម្ពាធទាប នៅលើប្រទេសហ្វីលីពីន ដែលរំកិលចូលមកក្នុងសមុទ្រចិនខាងត្បូង នៅក្នុងសប្តាហ៍នេះ នឹងបង្កឱ្យមានភ្លៀងធ្លាក់តិចតួច ដោយកន្លែង ជាពិសេសលើ បណ្តាខេត្តជាប់មាត់សមុទ្រ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ និយាយឱ្យដឹងទៀតថា សម្ពាធទាប ដើរចូលមកក្នុងសមុទ្រចិននេះ វាមិនបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន លើប្រទេសកម្ពុជាទេ តែវាជាឆ្នួននាំទៅធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន រាល់ថ្ងៃ នៅទូទាំងប្រទេស នាសប្តាហ៍ដើមខែកុម្ភៈ ខាងមុខនេះ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា នៅសប្តាហ៍ ដើមខែកុម្ពៈ អាចនឹងមានភ្លៀងធ្លាក់ ច្រើនរាល់ថ្ងៃ ពេញមួយសប្តាហ៍ ដែលការធ្លាក់ភ្លៀងបែបនេះ មិនធ្លាប់មានទេ នៅក្នុងប្រទេសកម្ពុជា ពីមុនមក ក្នុងពេលខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពល ដូចពេលនេះ។ ទោះជាយ៉ាងណា ក៏សីតុណ្ហភាពអប្បបរមា នៅក្នុងសប្តាហ៍ ចុងខែមករានេះ ត្រូវបានមន្ត្រីជំនាញ ប្រាប់ថាជាទូទៅ ស្ថិតនៅក្នុងរង្វង់លើសពី ២០ អង្សាសេ៕/PC