ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានទទួល​ជួប ការសម្តែង​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា (CAIF) ដឹកនាំ​ដោយ​លោក​បណ្ឌិត តាន់ មុនី​វណ្ណ ប្រធាន​សហព័ន្ធ និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដោយមាន​ការចូលរួម​អមដំណើរ​ពី​លោក Peter Brongers អគ្គនាយក​ក្រុមហ៊ុន HGB Group លោក James Zemke អគ្គនាយក​ក្រុមហ៊ុន Mercedes លោក Hy Ramy នាយក​ប្រតិបត្តិ​ផ្នែក​ហិរញ្ញ វត្ថុ​ក្រុមហ៊ុន HGB Group និង​លោក សឿន ដា​រ៉ា នាយក​ប្រតិបត្តិ​សហព័ន្ធ​។​

​ប្រភព​បាន​បញ្ជាក់ថា​ជំនួប​នេះ​ផ្តោត​ការពិភាក្សា​លើ​គោលនយោបាយ​សម្រាប់​ការគាំទ្រ​សម្រាប់​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី (EV) នៅ​កម្ពុជា និង​ការជំរុញ​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ឱ្យបាន​ទូលំទូលាយ ដើម្បី​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ទៅក្នុង​បរិយាកាស​ផែនដី​។

​ក្នុងជំនួប​នេះ​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ភ្ញៀវ​អំពី​ការរៀបចំ​សេចក្តីព្រាង​គោល នយោបាយ​ដឹកជញ្ជូន​ផ្លូវគោក ដើម្បី​ជំរុញ​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ក្នុងការ​ចូលរួមចំណែក​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន កិច្ចសហការ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អង្គការ​យូ​អិន​ឌី​ភី (UNDP កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​) ដើម្បី​ដំឡើង​ស្ថានីយ​សាក​ថ្ម Evs ចំនួន​ប្រាំ​ទីតាំង រួមមាន​៖ ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន គម្រោង​ដំឡើង ស្ថានីយ​ថ្ម EV នៅតាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែល​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ខែកញ្ញា ឆ្នាំ​២០២២ ដោយ​សហការ​ជាមួយ​ស្ថានីយប្រេងឥន្ធនៈ PTT និង​គម្រោង​ដំឡើង​ស្ថានីយ​សាក​ថ្ម EV នៅក្នុង​រាជធានី​ចំនួន​១០​ទីតាំង ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​តួនាទី​នាំមុខ​និង​ការប្តេជ្ញាចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ​ជំរុញ​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ឱ្យបាន​ទូលំទូលាយ និង​បាន​បន្ថែមថា​៖ រាជរដ្ឋាភិបាល​មានការ​បើកចំហរ​ទូលំ ទូលាយ​ដល់​វិនិយោគិន​ទាំង​ក្នុងស្រុក ក៏ដូចជា​ក្រៅ​ស្រុក​វិនិយោគ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ដំណើរការ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​។​

​ក្នុងឱកាស​នេះ​គណៈប្រតិភូ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បាន​សំណូមពរ​ឱ្យ​ក្រសួង​ជួយ​ពិនិត្យ និង​សម្របសម្រួល​លើ​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការដំឡើង​ឧបករណ៍​ស្តង់ដារ​រួម (​យ​ថា​ប្រភេទ​តែមួយ​) ដែល​អាចឱ្យ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​គ្រប់​ប្រភេទ​ទាំងអស់​ដោត​សាក​ថ្ម EVs នៅតាម​ស្ថានីយ​សាក​ថ្ម​ណាមួយ​ក៏បាន​និង​បានស្នើ​ឱ្យមាន​គោលនយោបាយ​សម្រាប់​រថ​យន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ផងដែរ​។​

​ជាការ​ឆ្លើយតប លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​សហព័ន្ធ​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រី ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង សំដៅ​ដោះស្រាយ​បញ្ហា​ដែល​សហព័ន្ធ​បានលើកឡើង​ឱ្យបាន​ជោគ ជ័យ ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​បាន​ទូលំទូលាយ និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្ពស់​ពី​វិស័យ​ឯកជន ក៏ដូចជា​សាធារណជន​ជាទូទៅ​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ភ្ញៀវ​អំពី​ការបង្កើត​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ដោះស្រាយ​បញ្ហា​កង្វះ​អ្នក បច្ចេកទេស​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ស្ពាន ការបង្កើត​មណ្ឌល​ផ្តល់​សេវាសាធារណៈ ដើម្បី​បង្ខិត​សេវា​ទៅ​កៀក​ប្រជាពលរដ្ឋ ការបង្កើត​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE App Mobile) ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​អាច​ចូលរួម​រាយការណ៍​អំពី​ផ្លូវ​ខូច និង​ជង្ហុក​សំបុកមាន់ កម្មវិធី​កាត់​ពិន្ទុ បណ្ណ​បើកបរ និង​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការដំឡើង​ជញ្ជីង​ថ្លឹង​យានយន្ត​ដោយ​ស្វ័យប្រវត្តិ (Weigh in motion)​ដើម្បី​ថែរក្សា​ផ្លូវ​ឱ្យមាន​អាយុកាល​ប្រើប្រាស់​បានយូរ​អង្វែង គម្រោង​បង្កើត​កម្មវិធី អេប​(App) សម្រាប់​តាមដាន​ការសាងសង់ និង​ជួសជុល​ថែទាំ​ផ្លូវ និង​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដើម្បី​ផ្តល់់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​ផងដែរ​៕​សរន​