ដោយៈប.ខុន/ភ្នំពេញៈរដ្ឋបាលខណ្ឌឬស្សីកែវបានចុះធ្វើការណែនាំដល់អ្នកធ្វើអាជីវកម្មនេសាទត្រីសម្រប់ធ្វើប្រហុកត្រៀមអូសផែរបស់ខ្លួនចេញទៅរកគោលដៅដែលបានកំណត់ វិញពេលចប់រដូវនេសាទត្រីប្រហុកនិងកាប់សម្អាតព្រៃត្រែងដុះតាមច្រាំងទន្លេ ឯអ្នកចិញ្ចឹមត្រីតាមបែមាន១០២គ្រួសារ មានបែចំនួន១៧០និងផ្ទះបណ្តែតទឹកចំនួន២៤ ស្ថិតនៅលើទីតាំងដែល រដ្ឋបាលរាជធានីភ្នំពេញបានកំណត់នៅព្រំប្រទល់រវាងខណ្ឌព្រែកព្នៅនិងខេត្តកណ្តាលជាបណ្តោះអាសន្នត្រឹមដំណាច់ខែធ្នូឆ្នាំ២០២៤។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២ថា នៅតាមច្រាំងទន្លេសាបក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ពេលនេះមិនឃើញមានសំណង់លើច្រាំងនិងលើផ្ទៃទឹកកើតឡើងវិញទេ ពេលនេះក្រុមការងាររបស់ខណ្ឌកំពុងតែកាប់សម្អាតព្រៃត្រែងដុះតាមច្រាំងទន្លេនិងធ្វើការណែនាំដល់អ្នក ធ្វើអាជីវកម្មនេសាទតាមគន្លងដាយឱ្យត្រៀមអូសផែដាយចេញទៅកន្លែងបានកំណត់វិញ បន្ទាប់ពីចប់រដូវធ្វើនេសាទត្រីប្រហុក។
លោកអភិបាលខណ្ឌបានបញ្ជាក់ថាពេលចប់រដូវនេសាទត្រីប្រហុកផែដាយទាំងអស់ត្រូវតែចាកចេញ មិនឱ្យមកអែបច្រាំងដូចមុនទៀតឡើយ។ ទូកនេសាទគ្រួសារ ក៏មិនឱ្យមានដំបូលសម្រាប់ស្នាក់នៅតាមមាត់ទន្លេលើផ្ទៃទឹកទៀតដែរ។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៤ខែមករាថា រដូវនេសាទត្រីប្រហុកមិនទាន់ចប់នៅឡើយទេ គឺនៅ សល់មួយខ្នើតទៀតផែដាយធ្វើអាជីវកម្មនេសាទត្រីប្រហុកត្រូវអូសត្រឡប់ទៅកន្លែងកំណត់នៅព្រំប្រទល់រាជធានីភ្នំពេញនិងខេត្តកណ្តាលវិញពេលចប់រដូវនេសាទដែលជាកន្លែង អាជ្ញាធរបានអនុញ្ញាតឱ្យផ្ទះបណ្តែតទឹកមានបែរចិញ្ចឹមត្រីនៅជាបណ្តោះអាសន្ន។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញស្តីការធ្វើសម្រង់ស្ថិតិអ្នកចិញ្ចឹមត្រីក្នុងបែតាមដងទន្លេនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខែមករាឆ្នាំ២០២២ បានបង្ហាញឱ្យឃើញថាមានចំនួនអ្នកចិញ្ចឹមត្រីសរុប ១០២គ្រួសារ បែចិញ្ចឹមត្រីសរុបចំនួន១៧០បែ និង ផ្ទះបណ្តែតទឹកចំនួន២៤ ស្ថិតនៅលើទីតាំងដែល រដ្ឋបាលរាជធានីភ្នំពេញបានកំណត់នៅព្រំប្រទល់រវាងខណ្ឌព្រែកព្នៅនិងខេត្តកណ្តាលជាបណ្តោះអាសន្នត្រឹមដំណាច់ខែធ្នូឆ្នាំ២០២៤៕