​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធានាធិបតី ចូ បៃ​ដិន កំពុង​ពិចារណា​ដាក់ពង្រាយ​ទាហាន​អាម៉េរិក​ជាច្រើន​ពាន់​នាក់​ក៏ដូចជា​នាវាចម្បាំង​និង​យន្តហោះ​ទៅ​កាន់​បណ្តា​ប្រទេស​សម្ពន្ធមិត្ត​​ណា​តូ​នៅ​តំបន់​បាល់​ទិក​និង​អឺរ៉ុប​ខាងកើត ដែល​ជា​ការពង្រីក​ការចូលរួម​របស់​យោធា​អាម៉េរិក ចំ​ពេល​មាន​ការបារម្ភ​កាន់តែ​ខ្លាំង​ឡើង​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុ​យក្រែន នេះ​បើ​យោងតាម​​មន្ត្រីរដ្ឋបាល​អាម៉េរិក​។​

​ចំណាត់ការ​នេះ​នឹង​បង្ហាញ​ពី​ការ​បង្វែរ​ទិសដៅ​ដ៏​សំខាន់​មួយ​សម្រាប់​រដ្ឋបាលបៃដិ​ន ដែល​រហូត​មក​ទល់​ពេល​ថ្មីៗ​នេះ​កំពុង​ប្រកាន់​ជំហរ​អត់ធ្មត់​លើ​បញ្ហា​អ៊ុយ​ក្រែន​ដោយសារ​តែ​ការបារម្ភ​អំពី​ការបង្កើត​​លេស​ឱ្យ​រុស្ស៊ី​ធ្វើ​ការឈ្លានពាន​។ ប៉ុន្តែ​ខណៈ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​បង្កើន​សកម្មភាព​គំរាមកំហែង​របស់គាត់​ចំពោះ​អ៊ុ​យក្រែន ហើយ​កិច្ច​ពិភាក្សា​រវាង​មន្ត្រី​អាម៉េរិក​និង​រុស្ស៊ី​បាន​​បរាជ័យ​ក្នុងការ​បំបាក់ទឹកចិត្ត​គាត់ រដ្ឋបាល​អាម៉េរិក​ឥឡូវ​នេះ​កំពុង​ងាក​ចេញពី​យុទ្ធសាស្ត្រ​មិន​បង្ក​ហេតុ​របស់​ខ្លួន​ហើយ​។​

​ក្រុមមន្ត្រី​រដ្ឋបាល​បាន​និយាយថា នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​សៅរ៍ ទី​២២ មករា​នៅ​ខេ​ម​ដេវីដ (Camp David)​ដែល​ជា​ជំរំ​លំហែ​របស់​ប្រធានាធិបតី​ក្នុង​រដ្ឋ​ម៉ា​រី​លែ​ន ក្រុម​មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​​បញ្ច​កោណ​បាន​បង្ហាញ​ជូន​លោក​បៃដិនជា​មួយ​នឹង​ជម្រើស​ជាច្រើន ដែល​នឹង​ចល័ត​សម្ភារៈ​យោធា​អាម៉េរិក​ឱ្យ​កាន់តែ​ខិត​ទៅជិត​មាត់ទ្វារ​របស់​លោកពូ​ទីន​។ ជម្រើស​ទាំងនោះ​គឺ​រួម​មាន​ការ​បញ្ជូនទាហាន​ពី ១.០០០ ទៅ ៥.០០០ នាក់​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ជាមួយនឹង​លទ្ធភាព​បង្កើន​ចំនួន​នោះ​រហូត​ដល់​ទៅ​១០​ដង ប្រសិនបើ​អ្វីៗ​កាន់តែ​យ៉ាប់យ៉ឺន​។​

​ពួកគេ​បាន​និយាយថា លោកបៃ​ដិន​រំពឹងធ្វើ​ការសម្រេចចិ​ត្ត​នៅ​ដើម​សប្តាហ៍​នេះ​។ គាត់​កំពុង​ថ្លឹងថ្លែង​ការកសាង​ទ័ព​នេះ ខណៈ​រុស្ស៊ី​បាន​បង្កើន​ការគំរាមកំហែង​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ុយ​ក្រែន​រួមទាំង​​ការប្រមូលផ្តុំ​កងទ័ព​ជាង ១០០.០០០ នាក់​និង​សព្វាវុធ​នៅតាម​ព្រំដែន​និង​ការឈរជើង​របស់​កង​កម្លាំង​រុស្ស៊ី​នៅក្នុង​ប្រទេស​បេឡា​រូ​ស​។​

​កាលពី​ថ្ងៃ​សៅរ៍ អង់គ្លេស​បាន​ចោទ​ក្រុង​មូ​ស្គូថា​បង្កើតផែន​លើក​បន្តុប​មេដឹកនាំ​គាំទ្រ​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ក្នុង​កម្មវិធី “Face the Nation” របស់​ទូរទស្សន៍ CBS ថា “​ទោះបីជា​យើង​កំពុង​ចូលរួម​ក្នុង​ផ្នែក​ការទូត​ក៏ដោយ ក៏​ពួក​យើង​នៅតែ​ផ្តោត​យ៉ាង​ខ្លាំង​លើ​ការកសាង​ខឿន​ការពារជាតិ និង​ពង្រឹង​ការ​ទប់ទល់​”​។​

“​ណា​តូ​ខ្លួនឯង​ផ្ទាល់​នឹង​បន្ត​ពង្រឹង​នៅ​ក្នុង​វិធី​ដ៏​សំខាន់​មួយ ប្រសិនបើ​រុស្ស៊ី​ប្រព្រឹត្ត​អំពើ​ឈ្លានពាន​សាជាថ្មី​។ អ្វីៗ​ទាំងអស់​គឺ​នៅ​លើ​តុ​អស់ហើយ​”៕

​លោកបៃ​ដិន​រំពឹងធ្វើ​ការសម្រេចចិ​ត្ត​នៅ​ដើម​សប្តាហ៍​នេះ​